អ្នកស្រាវជ្រាវប្រព័ន្ធសុវត្ថិភាព បន្ទប់ពិសោធន៍ Pandora របស់ ក្រុមហ៊ុនចិន Alibaba (ក្រុមហ៊ុនមហាសេដ្ឋីចិន Jack Ma) កាលពីពេលថ្មីៗនេះ បានបង្ហោះ រូបភាព iPhone X របស់គាត់ ដែលត្រូវបាន ហែកគុក នៅលើ កំណែទំរង់ចុងក្រោយ iOS 11.2.1។
បើតាម អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Long Lei បានប្រាប់ឱ្យដឹងថា ការអនុវត្តប្រព័ន្ធសុវត្ថិភាព SMAP របស់ Apple មានភាពខ្វះចន្លោះ ដែលអាចឱ្យគេ រំលងវាបាន ដោយប្រើវិធីច្បាស់លាស់មួយ ប៉ុន្តែ វាអាចនឹង ត្រូវការបច្ចេកទេសខ្ពស់បន្តិច។ ចំណែកប្រធានផ្នែកបន្ទប់ពិសោធន៍ Pandora លោក Song Yang បាន បន្តឱ្យដឹងទៀតថា “បើធៀបនឹង កម្មវិធីហែកគុក ដែលគេដាក់បញ្ចេញរយៈពេល 2 ឆ្នាំចុងក្រោយនេះ កម្មវិធីរបស់ Pandora មានស្ថេរភាពជាងឆ្ងាយណាស់ ប៉ុន្តែ ការរកឃើញរបស់យើង គឺសំរាប់គោលដៅស្រាវជ្រាវប៉ុណ្ណោះ… មិនមែនសំរាប់ បញ្ចេញប្រើជា សាធារណៈ នោះទេ”។
បច្ចុប្បន្ន កម្មវិធីដែលអាចហែកគុក iOS បានគឺ កម្មវិធី Saigon របស់លោក Abraham Masri ដែលអាចប្រើ ហែកគុក ឧបករណ៍ 64 Bit ភាគច្រើន (iPhone 5s/SE/6/6s/, iPad Air) ដែលដើរលើ iOS 10.2/10.2.1 ប៉ុន្តែ វាទាមទារឱ្យអ្នកប្រើប្រាស់ ប្រើកម្មវិធី Xcode ដើម្បីបញ្ចូលវា ទៅកាន់ឧបករណ៍។
ចំណែក អ្នកដែលប្រើ ឧបករណ៍ 32Bit ដូចជា iPhone 5/5c ដើរលើ iOS 9.1 ដល់ 9.3.4 អាចហែកគុកដោយប្រើ កម្មវិធី HomeDeport ឬ JailbreakMe 4.0 របស់ Tihmstar ហើយ គាត់ ប្រាប់ថា iOS 10.3.3 នឹងអាចហែកគុកបាន ក្នុងពេលឆាប់ៗនេះ៕
ប្រភព: AppleInsider