Search

[ព័ត៌មាន] Nintendo ចាប់ផ្តើមលក់ ហ្គេម Wii នៅលើទីផ្សារ ហាងដោនឡូដហ្គេម Android របស់ Nvidia នៅប្រទេសចិន

ក្រុមហ៊ុនម្ចាស់ហ្គេមតុក្កតាសីុផ្សិត Nintendo បានសំរេច ចាប់ផ្តើមលក់ ហ្គេមម៉ាសីុន Wii បីរឿងគឺ Super Mario Bros. Wii, The Legend of Zelda: Twilight Princess និង Punch-Out នៅលើ ហាងដោនឡូដហ្គេម Geforce Now របស់ Nvidia សំរាប់ទីផ្សារប្រទេសចិន… នេះបើតាម វិុបសាយផ្លូវការ Nvidia នៅប្រទេសចិន។
Nintendo Games on Nvidia Shield

នេះ ទំនងជា ការតេស្តយុទ្ធសាស្ត្រទីផ្សារថ្មីមួយទៀត របស់ Nintendo ក្រោយពេល ក្រុមហ៊ុននេះ បានដាក់បញ្ចេញហ្គេមរបស់ខ្លួន ជាច្រើន នៅលើហាងទំនិញ App Store របស់ Apple និង Play Store របស់ Google ដូចជា ហ្គេម Super Mario Run និងថ្មីៗនេះគឺ ហ្គេម Animal Crossing ជាដើម។

ហ្គេមទាំងបីរឿង ដែលបំលែងចេញពី ហ្គេមសំរាប់ម៉ាសីុន Wii នេះ ត្រូវបានដាក់លក់ក្នុងមួយរឿង 68 RMB ឬប្រមាណ $10 ហើយ វាអាចលេងតាមរយៈការស្ត្រីមពី សើវើុ Nvidia Geforce Now ទៅកាន់ ម៉ាសីុន Nvidia Shield ដែលដំណើរការលើប្រព័ន្ធ Android។

គួររំលឹកថា Nvidia Shield គឺជា ម៉ាសីុនលេងហ្គេម ដែលដំណើរការលើប្រព័ន្ធ Android និងប្រើប្រាស់ ឈីបល្បឿនលឿន Nvidia Tegra X1 ហើយវាមាន ហាងដោនឡូដហ្គេមផ្ទាល់ខ្លួន របស់វា ដោយមិនប្រើប្រាស់ Play Store របស់ Google នោះទេ។ ហ្គេមល្បីៗមួយចំនួន ដែលមានលេងនៅលើ Xbox និង Play Station ត្រូវបានគេបំលែង ឬបង្កើតថ្មី ឱ្យអាចលេងនៅលើ ម៉ាសីុននេះ ពីព្រោះឈីបវា មានកម្លាំងខ្លាំងជាង ម៉ាសីុនចាក់កំសាន្ត Android ផ្សេងទៀត៕
ប្រភព: ArsTechnica




Loading...

ចូលរួមមតិតាមរយៈ Facebook