ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ នឹងពង្រីក សក្តានុពល សមត្ថភាពផលិតបន្ទៈឈីបផ្សេងៗ សំរាប់ប្រើលើ ផលិតផលខ្លួន ដែលរួមមាន អង្គគណនាស្នូល សំរាប់ ម៉ាសីុនកុំព្យូទ័រយួរដៃ ស៊េរី MacBook, ឈីបម៉ូឌឹម សំរាប់ iPhone និង ឈីបមួយទៀតដែលរួមបញ្ចូល មុខងារគ្រប់គ្រង ការប៉ះប្រើលើអេក្រង់, ស្កែនក្រយៅដៃ និងគ្រប់គ្រងការបង្ហាញរូបភាព ក្នុងបន្ទៈតែមួយ… នេះបើតាម របាយការណ៍ពី វិុបសាយជប៉ុន Nikkei។
បើតាម លោក Samuel Wang ដែលជា អ្នកវិភាគរបស់ក្រុមហ៊ុន Gartner បានឱ្យដឹងថា គាត់ជឿថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ នឹងងាកមក ផលិតបន្ទៈឈីបដោយខ្លួនឯង ដើម្បីការពារ កម្មសិទ្ធបញ្ញា លើបច្ចេកវិទ្យាស្នូលរបស់ខ្លួន ព្រមទាំង ធ្វើឱ្យឈីប ដំណើរការប្រសិទ្ធភាព កាន់តែខ្លាំងឡើង និងដើម្បីកាត់បន្ថយ ការចំណាយទិញ ពីអ្នកដទៃ។
ប្រភព បានឱ្យដឹងទៀតថា Apple បាន និងកំពុង វិនិយោគជាច្រើន ទៅលើ ការស្រាវជ្រាវ និងអភិវឌ្ឍ ឈីបម៉ូឌឹម ហើយកាលពីពេលថ្មីៗនេះ Apple ទើបនឹង ទាក់ទាញ វិស្វករម៉ូឌឹម លោក Esin Terzioglu ពីក្រុមហ៊ុន Qualcomm ហើយគេ ជឿថា ក្នុងរយៈពេល 2 ឆ្នាំខាងមុខ អ្នកប្រើប្រាស់ នឹងបានឃើញ ឈីបម៉ូឌឹម ដែលផលិតដោយ Apple មិនខាន។
គួររំលឹកថា ឈីបម៉ូឌឹម គឺជា ឈីបគ្រប់គ្រងសេវាទូរស័ព្ទ ហើយបច្ចុប្បន្ន ក្រុមហ៊ុន Apple មានអ្នកផ្គត់ផ្គង់តែមួយគត់ គឺក្រុមហ៊ុន Intel ខណៈដែល អ្នកផ្គត់ផ្គង់ម្នាក់ទៀត គឺ ក្រុមហ៊ុន Qualcomm កំពុងមានជម្លោះ នៅតុលាការ ជាមួយ Apple៕
ប្រភព: Nikkei