Search

[ព័ត៌មាន] Apple ប្រកាស បង្ហាញខ្លួន iPhone X ជាផ្លូវការ

ក្រុមហ៊ុន Apple កាលពីម្សិលមិញ បានប្រកាស បង្ហាញខ្លួន iPhone រចនាម៉ូដថ្មី អេក្រង់ OLED ស្ទើរពេញផ្ទៃខាងមុខហើយ ដោយដាក់ឈ្មោះថា “iPhone X“។
Apple iPhone X

ម៉ូដែលថ្មីនេះ មានបំពាក់ដោយ អេក្រង់ Retina OLED ទំហំ 5.8 អីុង ដែលជា ប្រភេទអេក្រង់ HDR ទ្រទ្រង់មុខងារ Dolby Vision និង HDR10 ដែលអាចបង្ហាញរូបភាពឆ្លុះគ្នារវាង កន្លែងពន្លឺងងឹត និងភ្លឺ បានយ៉ាងច្បាស់ល្អ។ ដោយសារតែ វាមិនមានប៊ូតុង ស្កែនក្រយៅដៃ Home ដូចនេះ Apple បានជំនួស មុខងារប៊ូតុងនេះ ដោយកាយវិការ គ្រវាសពីក្រោមឡើងទៅលើ ដើម្បីត្រឡប់មក ផ្ទាំង Home វិញ។

ហើយដើម្បីដោះសោរចាក់អេក្រង់ Apple បានបង្កើតបច្ចេកវិទ្យាស្កែនមុខ Face ID ដើម្បីជំនួស មុខងារស្កែនក្រយៅដៃ តាមប៊ូតុង Home។ មុខងារស្កែនមុខនេះ ដំណើរការទាំងទីមានពន្លឺ និងទីងងឹត ដោយវា ធ្វើការបាញ់ ចំណុចពន្លឺ រាប់ពាន់ចំណុច ទៅលើមុខ ដើម្បីស្កែនបែប 3D… ដែលខុសពី មុខងារ ស្កែនមុខ 2D នៅលើ Samsung Note 8។ Face ID ត្រូវបានគេ យកទៅប្រើ ដើម្បីបញ្ជាក់ ការទូទាត់ តាម Apple Pay និង បើកប្រើ កម្មវិធីសុវត្ថិភាព ផ្សេងទៀត ផងដែរ។ Apple បានប្រាប់ថា មុខងារស្កែនមុខនេះ មានសុវត្ថិភាព និងគួរឱ្យជឿជាក់ ដោយវា អាចការពារ ការបន្លំដោយប្រើ រូបភាព និងស្រោមមុខ បាន។
Apple iPhone X

ងាកមកផ្នែកកាម៉េរាវិញ iPhone X មានបំពាក់ដោយ កាម៉េរាខាងមុខ កំរិត 7 MP និង កាម៉េរាក្រោយ ភ្លោះ 12 MP ដែលផលិតយ៉ាងពិសេស សំរាប់ប្រើ ក្នុងមុខងារតថភាពបន្ថែម Augmented Reality។ កាម៉េរាថ្មីនេះ ក៏អាច ប្រើថតវីដេអូ លំដាប់ 4K ក្នុងល្បឿនរហូត 60fps និង 1080p ក្នុងល្បឿនយឺត រហូត 240fps ហើយវីដេអូដែលបានថត នឹងសីុទំហំផ្ទុកទិន្នន័យ តិចជាង ម៉ូដែលមុន ដល់ទៅ ពាក់កណ្តាល… នេះគួរអរគុណទៅដល់ មុខងារបំលែងកូដវីដេអូថ្មី HEVC ដែល iOS 11 ទ្រទ្រង់។
Apple iPhone X

iPhone X មានបំពាក់មកជាមួយនូវបន្ទៈឈីប ស៊េរីថ្មី A11 ដែលមាន អង្គគណនា ដល់ទៅ 6 គ្រាប់ ដែល 2 គ្រាប់ដំណើរការខ្លាំង និង 4 គ្រាប់ទៀត ដំណើរការខ្សោយ។ អ្វីដែលខុសប្លែកពី បន្ទៈឈីប A10 នៅលើ iPhone 7 គឺ បន្ទៈ A11 នេះ អាចដំណើរការ អង្គគណនា ទាំង 6 គ្រាប់ ដំណាលគ្នាបាន ដែលធ្វើឱ្យល្បឿនវា កើនឡើងរហូត 70% លឿនជាងបន្ទៈឈីបមុន។ បន្ទៈឈីបថ្មីនេះ ក៏មានបំពាក់មកជាមួយនូវ អង្គក្រាហ្វិកចំនួន 3 គ្រាប់ ដែល Apple បង្កើតវា ដោយខ្លួនឯង ហើយវា ដំណើរការលឿនជាង បន្ទៈឈីបមុខ ដល់ទៅ 30%។

ក្រៅពីនេះ iPhone X ក៏មាន បំពាក់នូវមុខងារ អីុម៉ូជីមានចលនា ហៅថា “Animoji” ដែលអាចបំលែង ទឹកមុខរបស់អ្នកប្រើប្រាស់ជា រូបភាពអីុម៉ូជីបាន ហើយមុខងារនេះ ត្រូវបានបំពាក់នៅក្នុង កម្មវិធី iMessage របស់ iOS 11 រួចជាស្រេច។
Apple iPhone X

មុខងារថ្មីមួយទៀត ដែលអ្នកប្រើប្រាស់ ទន្ទឹងរង់ចាំជាយូរមកហើយ គឺមុខងារ សាកថ្មដោយឥតប្រើខ្សែ។ Apple បានបំពាក់មុខងារនេះ នៅលើ iPhone X ដែលវា ទ្រទ្រង់ស្តង់ដារសាកថ្មសកលរបស់ Qi ហើយ អាចប្រើប្រាស់បាន ជាមួយបន្ទៈសាកថ្ម ឥតខ្សែ ដែលមានលក់ស្រាប់ពីក្រុមហ៊ុន Belkin និង Mophie។ Apple ក៏បានបង្ហើបពី បន្ទៈសាកថ្មដែលខ្លួនកំពុងផលិតគឺ បន្ទៈ AirPower ដែលអាចសាកឧបករណ៍បានរហូត 3 គ្រឿងដំណាលគ្នា ប៉ុន្តែ ត្រូវរង់ចាំរហូត ឆ្នាំ 2018 ទើបមានលក់។
Apple iPhone X

ចំណែកតម្លៃរបស់វិញ ដូចការរំពឹងទុក iPhone X នឹងចាប់ផ្តើមពីតម្លៃលក់ផ្តាច់ $999 សំរាប់ម៉ូដែល 64GB ហើយមាន 2 ពណ៌ឱ្យជ្រើសរើស គឺ ទឹកប្រាក់ និងប្រផេះ។ ការកម៉្មង់ទិញទុកមុន នឹងចាប់ផ្តើម នាថ្ងៃទី 27 ខែតុលា ក្រោយនេះ ហើយការដឹកជញ្ជូន នឹងចាប់ផ្តើម មួយអាទិត្យ ក្រោយ ការកម៉្មង់៕




Loading...

ចូលរួមមតិតាមរយៈ Facebook