បច្ចុប្បន្ន មានករណី លួចគណនីអនឡាញ កាន់តែច្រើនឡើងៗ ដូចជា ហ្វេសប៊ុក, Apple ID… ជាដើម។ ដូចនេះ ដើម្បីការពារគណនី របស់លោកអ្នក ថ្ងៃនេះ យើងនឹងលើកយក វិធីបើក ការត្រួតពិនិត្យ 2 តង់ ឬហៅថា Two-Factor Authentication សំរាប់គណនី Apple ID មកបង្ហាញ។
តើអ្វីទៅជា ការត្រួតពិនិត្យ 2 តង់ ឬហៅថា Two-Factor Authentication?
ការត្រួតពិនិត្យ 2 តង់ គឺជា ស្រទាប់សុវត្ថិភាពបន្ថែមពីលើ លេខកូដសម្ងាត់របស់ Apple ID។ ក្រោយពេលបើកមុខងារនេះហើយ រាល់ការឡុកចូលគណនី Apple ID របស់យើង នៅលើ ឧបករណ៍ផ្សេងថ្មីៗ នោះ Apple នឹងទាមទារឱ្យមានការ វាយលេខកូដ សុវត្ថិភាព នៅលើ ឧបករណ៍ថ្មីនោះ។ ហើយលេខកូដនេះ នឹងបង្ហាញនៅលើ ឧបករណ៍ (ចាស់) របស់យើង ដែលកំពុងប្រើប្រាស់។ ដូចនេះ បើសិនជា មានអ្នកណា លួចចូលប្រើ គណនី Apple ID របស់យើង ដោយប្រើ ឧបករណ៍ផ្សេង នោះ យើងនឹងដឹងភ្លាម ហើយពួកគេ មិនអាចឡុកចូលប្រើបានទេ បើទោះជា ពួកគេដឹង លេខសម្ងាត់របស់យើង ក៏ដោយ។
របៀបបើកមុខងារ ការត្រួតពិនិត្យ 2 តង់:
តំរូវការជាមូលដ្ឋាន:
– ឧបករណ៍ដែលគួរឱ្យទុកចិត្តបាន ឬដែលអ្នកកំពុងប្រើជាប់ជាប្រចាំ ដូចជា iPhone, iPad និង iPod Touch ដំណើរការលើ iOS 9 ឡើងទៅ
– លេខទូរស័ព្ទ ដែលប្រើជាប់ជាប្រចាំ
1. ជាដំបូង សូមចូលទៅ Settings-> ចុចលើឈ្មោះរបស់អ្នក -> Password & Security រួចវាយ លេខសម្ងាត់ គណនី Apple ID បើសិនជា វាទាមទារ។
2. ចុចលើពាក្យថា Turn On Two-Factor Authentication -> Continue រួចវាយលេខទូរស័ព្ទរបស់អ្នកចូល នោះ Apple នឹងទាមទារការផ្ទៀងផ្ទាត់មួយថា ពិតជាលេខទូរស័ព្ទរបស់អ្នក។ ជំរើសក្នុងការផ្ទៀងផ្ទាត់ លោកអ្នក អាចរើសយក ឱ្យ Apple ផ្ញើសារ (Text Message) ឬតេរ (Phone Call) មកកាន់លេខដែលបានវាយ។ រើសយកមួយណា ក៏បាន ហើយចុច Next។
3. ក្រោយពេលផ្ទៀងផ្ទាត់ហើយ ត្រង់ពាក្យថា Two-Factor Authentication នឹងឃើញពាក្យថា On នោះមានន័យថា អ្នកបានបើកមុខងារ ការត្រួតពិនិត្យ 2 តង់ រួចរាល់ហើយ។
ចំណាំ: – ក្នុងករណីលោកអ្នក ភ័យខ្លាច បាត់បង់លេខទូរស័ព្ទកំពុងប្រើ លោកអ្នក អាចបន្ថែមលេខទូរស័ព្ទមួយខ្សែទៀត នៅក្នុងប្រអប់ TRUSTED PHONE NUMBER
– ហើយក្នុងករណី លោកអ្នក នៅបរទេស ដែលមិនអាចប្រើ សីុមកាត លេខទូរស័ព្ទបច្ចុប្បន្ន របស់ខ្លួនបាន ឬក្នុងករណី មិនមានសេវាទូរស័ព្ទ តែមានអីុនធើណែត WiFi ប្រើ ហើយលោកអ្នក ចង់ឡុកចូល ឧបករណ៍ថ្មី នោះ លោកអ្នក អាចប្រើ ឧបករណ៍ចាស់ រួចចុចលើពាក្យ Get Verification Code ដើម្បីទទួលបាន លេខកូដសុវត្ថិភាព យកទៅវាយ នៅក្នុង ឧបករណ៍ថ្មីបាន៕
– ព័ត៌មានបន្ថែម: https://support.apple.com/en-us/HT204915