Search

[ព័ត៌មាន] បំបែកកំណត់ត្រាថ្មី! នារីស្រស់ស្អាតម្នាក់ ព្យាយាម រត់ពន្ធ iPhone រហូត 102 គ្រឿង ចូលចិនដីគោក!

អ្នករត់ពន្ធទំនិញ លោភលន់ម្នាក់ ត្រូវបាន គយនៅប្រទេសចិន ចាប់ខ្លួន កាលពីពេលថ្មីៗនេះ ក្រោយពេល នាង ព្យាយាម លាក់ iPhone រហូត 102 គ្រឿង ចូលទៅក្នុង ប្រទេសចិនដីគោក ដោយសៀតវា ជាប់នឹងខ្លួន … នេះបើតាម ប្រភពពី 9to5Mac។
iPhoen smuggler in china

សារព័ត៌មានក្នុងស្រុក បានដាក់រហ័សនាមនាងថា “នារី Iron Man” ហើយត្រូវចាប់ខ្លួនបាន ដោយ នគរបាល នៅក្នុង ព្រលានយន្តហោះ ក្រុង សិុនចិន ប្រទេសចិន។ នគរបាល បានចាប់អារម្មណ៍ទៅលើ នាង ដោយឃើញ ដងខ្លួននាងធំ ខុសប្លែកពីធម្មតា បើធៀបនឹង ដៃជើង ដ៏ស្រឡូន តូចៗ របស់នាង។ ដំបូងឡើយ ពួកគេ មានក្តីបារម្ភថា នាងអាច ស្លៀកពាក់ខោអាវច្រើនជាន់ពេក ដែលមិនសាកសមនឹង អាកាសធាតុដ៏ក្តៅ ទើបសំរេចចិត្ត ឃាត់នាង មួយកន្លែង ដើម្បីសាកសួរ។

នៅពេលឆែកឆេរ ពួកគេ បានរកឃើញ iPhone ទំនើបៗ ចំនួន 102 គ្រឿង ព្រមទាំងនាឡិកាថ្លៃៗ 15 គ្រឿងទៀត ត្រូវបាននាង ស៊កជាប់នឹងដងខ្លួន របស់នាង។ ឥវ៉ាន់គេចពន្ធ ដែលរកឃើញ គឺមានទម្ងន់ជិត 20 គីឡូក្រាម។ ហេតុនេះហើយ ទើបនាងទទួលបានរហ័សនាម “នារី Iron Man“។
iPhone smuggler in China

គួររំលឹកថា បើទោះជា នៅចិនដីគោក មានហាងទំនិញ Apple ផ្លូវការក៏ដោយ ក៏ឈ្មួញ នៅតែ ព្យាយាម រត់ពន្ធ iPhone ចូលប្រទេសដែរ ពីព្រោះ រដ្ឋាភិបាលចិន បានយកពន្ធរហូត 30% ទៅលើទំនិញប្រភេទនេះ។ ដូចនេះ ការនាំចូល iPhone គេចពន្ធយកមកលក់ គឺទទួលបាន ប្រាក់ចំណេញច្រើន។

ការចាប់ខ្លួននេះ គឺបានបង្កើត កំណត់ត្រា ការរត់ពន្ធ iPhone ថ្មីផងដែរ ដោយនគរបាល សិុនចិនថា ជាទូទៅ អ្នករត់ពន្ធ លួចលាក់ iPhone តែ 10 ទៅ 20 គ្រឿងប៉ុណ្ណោះ… មិនច្រើនដល់ រយគ្រឿង ដូចនាង Iron Man នោះទេ។ ដោយឡែក កំណត់ត្រាចាស់ កាលពីឆ្នាំ 2015 គឺមានចំនួន 94 គ្រឿង ដែលចាប់ខ្លួនបានពី បុរសចិនម្នាក់៕
ប្រភព: 9to5Mac




Loading...

ចូលរួមមតិតាមរយៈ Facebook