Search

[ព័ត៌មាន] យើងមាន អីុម៉ូជី ប្រើ នៅលើ iPhone នេះគួរអរគុណទៅដល់ ជប៉ុន

ជប៉ុន គឺជា ទីផ្សារទូរស័ព្ទចល័ត ដែលឈានមុនគេ នៅអាសីុ ហើយបច្ចេកវិទ្យារបស់ បណ្តាញទូរស័ព្ទរបស់ពួកគេ ជឿនលឿន ជាងបណ្តាប្រទេសនានា នៅលើ សកលលោក រាប់ទាំងអាមេរិកផងដែរ ដូចជា មុខងារ Push Email ដែលអាចផ្ញើអីុម៉ែល និងទទួលបានភ្លាមៗ ដូចសារ SMS ដែរ, មុខងារការពារជម្រាបទឹក, មុខងារ Felica NFC ដែលអាចប្រើ ទូរស័ព្ទទូទាត់ ការចាយវាយផ្សេងៗ ដូចជា សំបុត្ររថភ្លើង និង អីុម៉ូជី ដែលបង្កើតឡើងដោយ បណ្តាញ NTT Docomo នាទសវត្សទី 90 ជាដើម។ មុខងារទាំងអស់នេះ មានប្រើ នៅលើទីផ្សារជប៉ុន ជាយូរមកហើយ តាំងពី 10 ឆ្នាំមុន មុនពេល iPhone 3G ដំបូង បានលេចមុខ នៅលើទីផ្សារនេះ នាឆ្នាំ 2008 ម៉្លេះ។
Japan Emoji

នាយកប្រតិបត្តិ ក្រុមហ៊ុនបណ្តាញទូរស័ព្ទ SoftBank របស់ជប៉ុន លោក Masayoshi Son ដែលជាមិត្តជិតស្និទ្ធ ជាមួយ ស្ថាបនិក Apple លោក Steve Jobs បានទទួលសិទ្ធិ ក្នុងការលក់ iPhone មុនគេ នៅក្នុង ប្រទេសជប៉ុន នាឆ្នាំ 2008 ប៉ុន្តែវា មិនមាន មុខងារអីុម៉ូជី នោះទេ។ Son បានបញ្ចុះបញ្ចូល Apple អំពីសារៈសំខាន់នៃ រូបភាព អីុម៉ូជី នៅក្នុងទីផ្សារជប៉ុន ហើយទីបំផុត Apple បានសំរេចចិត្ត ធ្វើការកែប្រែ ទៅលើ iPhone របស់ខ្លួន ដើម្បីសំរបខ្លួន ជាមួយទីផ្សារ មួយនេះ។ ហើយបន្ទាប់មក នាឆ្នាំ 2014 ទើប បណ្តាញទូរស័ព្ទដទៃទៀត ដូចជា NTT Docomo បានចាប់ផ្តើមទទួលលក់ iPhone 6 ដែរ។

ដើម្បីសម្របខ្លួនទៅក្នងទីផ្សារទូរស័ព្ទ ជប៉ុន កាន់តែជ្រៅ ក្រុមហ៊ុន Apple បានសំរេចបំពាក់មុខងារការពារជម្រាបទឹក នៅលើ iPhone 7 និង មុខងារប្រើកាម៉េរាស្កែនកូដ QR នៅលើ iOS 11 ដើម្បីឱ្យត្រូវនឹង ស្តង់ដារ ទូរស័ព្ទរបស់ជប៉ុន ហើយថែមទាំងបាន បំពាក់ឈីប Felica NFC នៅលើ iPhone ជប៉ុនទៀតផង ដើម្បីទ្រទ្រង់ ការទូទាត់ចាយវាយភ្លាមៗ តាមទូរស័ព្ទដៃ ដែល Apple Pay មិនអាចធ្វើបាន។

សរុបមក គួរអរគុណដល់ ជប៉ុន បើមិនដូច្នោះទេ យើងនឹងមិនមាន អីុម៉ូជី, មុខងារ ស្កែន QR និង ការពារជម្រាបទឹក នៅលើ iPhone នោះទេ៕
ប្រភព: The Verge




Loading...

ចូលរួមមតិតាមរយៈ Facebook