អ្នកបំបែកកូដ Luca Todesco បានធ្វើវាសំរេចម្តងទៀតហើយ! ហើយម្តងនេះ គឺជា ការហែកគុក ប្រព័ន្ធប្រតិបត្តិការណ៍ iOS 10 កំណែទំរង់សាកល្បងជំនាន់ទី 8 ដែល Apple អួតថា បានបំពាក់ ប្រព័ន្ធសុវត្តិភាព kernel patch protection (KPP) ខ្ពស់ ដែលការពារការហែកគុកបាន។
បើមើលតាមវីដេអូ គឺគាត់ ប្រើកម្មវិធីមួយឈ្មោះ “yaluX” ដែលគាត់បានដំឡើង រួចហើយ ចុចបើកវា ដើម្បីហែកគុក ប្រព័ន្ធប្រតិបត្តិការណ៍ iOS 10 ពីក្នុងនោះ។ វិធីនេះ ស្រដៀងនឹង វិធីដែល ក្រុមការងារ Pangu ប្រើ ដើម្បីហែកគុក iOS 9.2-9.33 ដែរ… ដែលមានភាពងាយស្រួល ហើយមិនចាំបាច់ ត្រូវការ កុំព្យូទ័រ នោះទេ។
គួររំលឹកថា Luca Todesco ធ្លាប់បាន បង្ហាញវីដេអូ ហែកគុក iOS 9.3.4 ម្តងហើយ ប៉ុន្តែ គាត់ មិនដែលបង្ហោះ កម្មវិធីហែកគុក ជាសាធារណៈនោះទេ។ គេជឿថា គាត់ ត្រូវបានគេជួល ឬគាត់ អាចនឹងស្វែងរក ចន្លោះប្រហោងហែកគុក ដើម្បីលក់ទៅឱ្យ ក្រុមណាមួយ ដែលធ្វើការងារ ទាក់ទងនឹង ប្រព័ន្ធសុវត្ថិភាព ឬក៏ធ្វើធុរកិច្ចទាក់ទងនឹង កម្មវិធីហែកគុក ដូចជា ក្រុមហែកគុកចិន Pangu និង TaiG ជាដើម។
បើទោះជា គាត់ មិនបញ្ចេញវា ជាសាធារណៈ ក៏ដោយ ប៉ុន្តែ អ្នកដែលចង់ប្រើ កម្មវិធីហែកគុក នឹងសប្បាយចិត្ត មិនខាន ព្រោះដឹងថា iOS 10 មិនមែន រឹងមុាំដល់ថ្នាក់ មិនអាចហែកគុកបាន បើទោះជា Apple ប្រឹងទប់ស្កាត់ យ៉ាងណាក៏ដោយ៕
ប្រភព: Youtube