Search

[ព័ត៌មាន] Apple អាចនឹងផ្លាស់ប្តូរទៅប្រើ អេក្រង់ micro-LED សំរាប់ នាឡិកាឆ្លាតវៃ Apple Watch នាពាក់កណ្តាលឆ្នាំក្រោយ

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា អាចនឹងផ្លាស់ប្តូរ អេក្រង់ OLED នៅលើ នាឡិកាឆ្លាតវៃ Apple Watch ទៅប្រើ អេក្រង់ micro-LED វិញ នាពាក់កណ្តាលឆ្នាំ 2017 ក្រោយនេះ… នេះបើតាម ប្រភពពី Digitimes។ ប្រភព បានបន្តទៀតថា ពេលវេលានោះ ត្រូវនឹង ការដាក់បង្ហាញ នាឡិកាឆ្លាតវៃ Apple Watch 2 តែម្តង ប៉ុន្តែមើលទៅ វាអាចនឹងកើតមាន នៅលើ Apple Watch 3 ច្រើនជាង។
Apple-Luxvue micro LED display for Apple Watch 3

គួររំលឹកថា អេក្រង់ micro-LED គឺជា បច្ចេកវិទ្យាអេក្រង់ថ្មីមួយទៀត ដែលមាន កម្រាស់ស្តើង ទម្ងន់ស្រាល, មានកំរិតពណ៌ច្រើន, ពន្លឺភ្លឺខ្លាំង ព្រមទាំង​ ទ្រទ្រង់ការបង្ហាញរូបភាព ក្នុងទំហំធំ។ បច្ចេកវិទ្យានេះ មិនត្រូវការ អំពូលតូចៗ បំភ្លឺនៅពីក្រោយអេក្រង់ទេ ប៉ុន្តែ វាពិបាកក្នុងការផលិត និងមានថ្លៃដើម ផលិតខ្ពស់។ ការងាកទៅប្រើ អេក្រង់ថ្មីនេះ អាចឱ្យ Apple ផលិតនាឡិកា Apple Watch ដែលស្តើងជាងមុន ហើយសីុភ្លើងតិច។
apple watch 2

ការងាកទៅប្រើបច្ចេកវិទ្យានេះ គឺជា យុទ្ធសាស្ត្រមួយរបស់ Apple ក្នុងការ កាត់បន្ថយការពឹងពាក់ប្រើប្រាស់ អេក្រង់របស់គូប្រកួតប្រជែង ព្រោះបើតាម ព័ត៌មានកន្លងមក បានឱ្យដឹងថា Apple បានទិញយក ក្រុមហ៊ុនផលិតអេក្រង់ micro-LED មួយឈ្មោះ LuxVue កាលពីឆ្នាំ 2014 មកម៉្លេះ ហើយ Apple ថែមទាំង សម្ងំបង្កើត រោងចក្រពិសោធន៍អេក្រង់មួយ នៅភាគខាងជើង កោះតៃវ៉ាន់ កាលពីឆ្នាំទៅ ទៀតផង។

បច្ចុប្បន្ន ក្រុមហ៊ុន Apple ប្រើប្រាស់ អេក្រង់ OLED ខ្នាតតូច សំរាប់ នាឡិកាឆ្លាតវៃ Apple Watch និង អេក្រង់ LCD សំរាប់ iPod, iPhone, iPad និង ម៉ាសីុន Mac។ ហើយក្រុមហ៊ុននេះ មានគំរោងនឹង ផលិត iPhone អេក្រង់ OLED ដំបូងរបស់ខ្លួន នាឆ្នាំ 2017 ក្រោយនេះ ដែលទំនងជា iPhone 8 នោះឯង៕
ប្រភព: DigiTimes




Loading...

ចូលរួមមតិតាមរយៈ Facebook