Search

[ព័ត៌មាន] Apple ត្រូវបានគេប្តឹង ទាក់ទងរឿង បញ្ហា Error 53 ក្រោយពេល អតិថិជន ដោះដូរ ប៊ូតុងស្កែនក្រយៅដៃ មិនផ្លូវការ

Apple Touch ID Error 53
ក្រុមហ៊ុនផ្នែកច្បាប់ Pfau Cochran Vertetis Amala (PCVA) ថ្ងៃនេះ​បានដាក់ពាក្យបណ្តឹង ប្តឹងក្រមហ៊ុន Apple ទាក់ទងនឹង បញ្ហា Error 53 ដែលអតិថិជន ជួបប្រទះនៅលើ ឧបករណ៍របស់ ពួកគេ ក្រោយពេលពួកគេ ផ្លាស់ប្តូរ ប៊ូតុង Touch ID មិនផ្លូវការ។

គួររំលឹកថា អ្នកប្រើប្រាស់ iPhone ឬ iPad មួយចំនួន ដែលមាន ប៊ូតុង Touch ID ខូច ហើយយក ទៅជួសជុល ផ្លាស់ប្តូរ ដោយហាង ឬជាង ដែលមិនមែនជា ដៃគូរ របស់ ក្រុមហ៊ុន Apple នោះក្រោយពេល ពួកគេ អាប់ដេត ឬ Restore ម៉ាសីុន របស់ពួកគេ តាមរយៈ iTunes ពួកគេ នឹងជួបប្រទះ បញ្ហា Error 53 នេះតែម្តង… ដែលធ្វើឱ្យ ម៉ាសីុន របស់ពួកគេ ក្លាយជា ដុំថ្ម ប្រើអ្វីមិនកើតឡើយ។ នេះ មិនត្រឹមតែ ប៊ូតុង ស្កែនក្រយៅដៃ នោះទេ តែគ្រឿងបន្លាស់ ដែលមានទំនាក់ទំនង និងតភ្ជាប់ ទៅកាន់ ប៊ូតុង Touch ID ដូចជា អេក្រង់ និងខ្សែភ្លើង ក៏អាចធ្វើឱ្យកើតមាន Error 53 នេះ ផងដែរ។

Apple Touch ID Error 53

នេះ មិនមែនជា កំហុសឆ្គង វិស្វកម្ម ឬ ប្រព័ន្ធប្រតិបត្តិការណ៍ របស់ Apple នោះទេ តែវា ជា ចេតនា របស់ Apple ក្នុងការពារ ទិន្នន័យរបស់អ្នកប្រើប្រាស់ ពីព្រោះទិន្នន័យស្កែនក្រយៅដៃ ត្រូវបាន រក្សាទុក នៅក្នុងអង្គចងចាំអចិន្ត្រៃយ៍ មួយ នៅក្នុង ម៉ាសីុន ហើយវា មានការផ្គូរផ្គង ពិសេស មួយជាមួយ ប៊ូតុង Touch ID។ នៅពេល មានការ ផ្លាស់ប្តូរ ប៊ូតុង Touch ID ថ្មី ដែលមិនមែនជា គ្រឿងបន្លាស់សុទ្ធរបស់ Apple នោះ ការផ្គូរផ្គងនេះ នឹងបរាជ័យ ដូចនេះ វានឹងលោតចេញ Error 53 នៅពេល Restore ម៉ាសីុន។

បើតាម មេធាវី របស់ PCVA បាននិយាយថា ការលើកឡើងអំពី ការព្រួយបារម្ភ បញ្ហា សុវត្ថិភាព របស់ Apple គឺ យកជាការមិនបាន ព្រោះ ក្រោយផ្លាស់ប្តូរ ប៊ូតុង Touch ID ពីហាងមិនផ្លូវការ អ្នកប្រើប្រាស់ នៅតែអាចប្រើ iPhone របស់ពួកគេ ដរាបណា ពួកគេ មិន Restore ម៉ាសីុនរបស់ពួកគេ ហើយ Apple ធ្វេសប្រហែស មិនបាន ដាស់តឿន បញ្ហានេះ ជាមុន ដល់អ្នកប្រើប្រាស់។

ចំណែក ខាង Apple វិញ នៅរក្សាភាពស្ងៀមស្ងាត់ និងមិនទាន់ធ្វើការ បកស្រាយ ទាក់ទងនឹងបញ្ហា Error 53 និងបណ្តឹងនេះ នៅឡើយទេ៕
ប្រភព: iPhoneLife




Loading...

ចូលរួមមតិតាមរយៈ Facebook