Search

[ព័ត៌មាន] Apple ទាមទារអោយ អ្នកមេម៉ាយម្នាក់ បង្ហាញដីការតុលាការ បើសិនជា ចង់បាន លេខកូដសំងាត់ Apple ID របស់ប្តីខ្លួន

apple id password
អ្នកប្រហែលជា ត្រូវចែករំលែក លេខកូដសំងាត់ ឬសំណួរសុវត្ថិភាព Apple ID របស់អ្នក ទៅកាន់ ស្វាមី ឬភរិយា របស់អ្នកហើយ ពីព្រោះ Apple នឹងមិនងាយ ផ្តល់លេខសំងាត់ នោះ ដល់សមាជិកគ្រួសារអ្នក នោះទេ បើសិនជា ពួកគេ បាត់បង់ជីវិត។ នេះបើតាម រឿងរាវមួយ ដែលបាន កើតឡើង ទៅលើ គ្រួសារ Bush ដែលរស់នៅ កាណាដា កាលពីពេលថ្មីៗនេះ។

បើតាម របាយការណពី CBC News បានអោយដឹងថា ក្រុមហ៊ុន Apple បានបដិសេធ ផ្តល់ជូន លោកស្រី Peggy Bush ដែលមាន​អាយុ 72 ឆ្នាំ នូវ លេខកូដសំងាត់ Apple ID ប្តីរបស់គាត់ គឺលោក David ក្រោយពេល David បានបាត់បង់ជីវិត កាលពីខែ សីហា ឆ្នាំទៅ ដោយទាមទារ រកដីការបង្គាប់ពី តុលាការ។

លោកស្រី Bush ដឹងលេខកូដដោះសោរអេក្រង់ iPad របស់ប្តីគាត់ ប៉ុន្តែ នៅពេល លោកអ្នកស្រី ទិញឥវ៉ាន់ ក្នុងហ្គេមមួយ គាត់ត្រូវបានទាមទារ លេខកូដសំងាត់ Apple ID។ ត្រង់នេះហើយ ទើបគាត់ ចាប់ផ្តើម ទាមទារ លេខកូដសំងាត់ Apple ID ពី Apple។ កូនស្រីរបស់លោកស្រី គឺអ្នកនាង Donna បានទូរស័ព្ទឆ្លើយឆ្លង ជាមួយ ភ្ញាក់ងារបំរើអតិថិជន Apple ហើយថែមទាំងធ្លាប់សរសេរសារ ទៅកាន់ នាយកប្រតិបត្តិ Apple លោក Tim Cooks ទៀតផង ប៉ុន្តែ ចម្លើយរបស់ពួកគេ គឺវា ជាគោលការណ៍រក្សាការសម្ងាត់ អោយអតិថិជន ដូចនេះ ពួកគេ នឹងមិនអាចផ្តល់ជូន លេខសំងាត់ បានឡើយ។ Donna បាននិយាយថា នេះ គឺជា រឿងគួរអោយអស់សំណើចណាស់ ព្រោះ នៅពេល សាច់ញាតិម្នាក់ បាត់បង់ជីវិត គេ អាចប្រើប្រាស់ ប័ណ្ណបញ្ជាក់មរណៈភាព ដើម្បីផ្ទេរប្តូរ កម្មសិទ្ធ រថយន្ត ឬផ្ទះសម្បែងបាន តែហេតុអ្វី ប័ណ្ណនេះ មិនអាចប្រើ ទាមទារ លេខកូដសំងាត់ Apple ID? ទីបំផុត មានអ្នកបំរើអតិថិជន Apple ម្នាក់ បានប្រាប់ថា អ្នកនាង នឹងត្រូវការ ដីការតុលាការ ដើម្បីទទួលបាន លេខសំងាត់ឪពុក របស់នាង។

បើតាម Apple បានអោយដឹងថា ការធ្វើដូចនេះ គឺដើម្បី ការពារ ការយកគណនី Apple ID របស់អ្នកណាម្នាក់ ទៅប្រើប្រាស់ផ្តេសផ្តាស់ ពីព្រោះ គណនី Apple ID នីមួយៗ មានភ្ជាប់មកជាមួយនូវ គណនី ធនាគារ ដែលអាចអោយគេ យកទៅប្រើ ទិញឥវ៉ាន់ ឬកម្មវិធីបាន។

ក្រោយពេល រឿងនេះ ត្រូវបានផ្សព្វផ្សាយដោយ CBC News ក្រុមហ៊ុន Apple បានចេញមុខបកស្រាយថា នេះជា រឿងយល់ច្រឡំ ហើយបាន ទាក់ទងគ្រួសារ Bush ដើម្បីដោះស្រាយបញ្ហា។ ប៉ុន្តែ ក្រុមហ៊ុននេះ មិនបាន លើកឡើងទេ ទាក់ទងនឹង ការផ្ទេរកម្មសិទ្ធឌីជីថល អ្នកដែលស្លាប់ ទៅកាន់ សមាជិកគ្រួសារ៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook