ម៉ាសីុនលេងហ្គេម Sony PlayStation 4 ដ៏ល្បីល្បាញ បានចេញលក់ យូរគ្រាន់បើហើយដែរ ប៉ុន្តែ នៅមិនទាន់ មានអ្នកណា អាចកែវា អោយដំណើរការ ផ្នែកទន់ មិនផ្លូវការនៅឡើយទេ (ដំឡើងកម្មវិធីបន្ថែម, លេងហ្គេមកូពី…)។ ដោយឡែក កាលពីពេលថ្មីៗនេះ មានអ្នកបំបែកកូដម្នាក់ រហ័សនាម CTurt បានអះអាងថា គាត់ បានបំបែក ប្រព័ន្ធសុវត្ថិភាព របស់ ម៉ាសីុន PS4 ដោយប្រើប្រាស់ ចន្លោះប្រហោង Kernel ដែលគាត់ បានបង្កើតឡើង ដោយខ្លួនឯង។
គាត់ អាចកូពី អង្គចងចាំរបស់ ប្រព័ន្ធ ដោយប្រើ ដំណើរការផ្សេងទៀតរបស់ប្រព័ន្ធប្រតិបត្តិការណ៍ បន្ទាប់មក កែកុនវា ដោយបញ្ចូលនូវ កម្មវិធីមិនផ្លូវការ នៅលើនោះ។ វា កំពុងស្ថិតក្នុងដំណាក់ដំបូងៗនៅឡើយ ហើយត្រូវការ ដោះស្រាយ បញ្ហាសុវត្ថិភាព មួយចំនួនទៀត ទំរាំក្លាយជា ការហែកគុក ដ៏ពេញលក្ខណៈមួយ។
CTurt បានអោយដឹងថា ចន្លោះប្រហោងដែលគាត់ រកឃើញ គឺដំណើរការនៅលើ កំណែទំរង់ 1.76 របស់ម៉ាសីុន PS4 ប៉ុន្តែ អាចកែកុនវា អោយដំណើរការនៅលើ កំណែទំរង់ថ្មីៗបាន៕
ប្រភព: TheHackerNews