Search

[ព័ត៌មានក្តៅ] មេរោគមួយឈ្មោះ Unflod របស់ចិន កំពុងវាយលុក ម៉ាសីុន iOS ដែល Jailbreak រួច

iOS virus - Unflodប្រព័ន្ធ iOS គឺជា ប្រព័ន្ធមួយ ដែលមានសុវត្ថិភាព ប្រសិនបើអ្នក មិន Jailbreak ឬហែកគុក ព្រោះថា ការហែកគុក ប្រៀបដូចជា ការបើកសោរទ្វារ អោយអ្នកដទៃ ធ្វើអ្វីក៏បាន។ យើង កំរណាស់ នឹងលឺថា មានមេរោគ នៅលើ iOS ប៉ុន្តែ កាលពីពេលថ្មីៗនេះ មានអ្នកប្រើ បណ្តាញ Reddit បានរកឃើញថា មានមេរោគមួយ ឈ្មោះ “Unflod Baby Panda” បានបន្លំខ្លួន ចូលទៅក្នុង កញ្ចប់កម្មវិធី នៅក្នុង Cydia ហើយអាច បន្លំលួចគណនី និងលេខសំងាត់ Apple ID របស់ អ្នកប្រើប្រាស់ ដែលមាន iPhone/iPad Jailbreak រួច។

បើតាម អ្នកបំបែកកូដ Stefan Esser រហ័សនាម i0n1c បានអោយដឹងថា មេរោគ Unflod នេះ មានដើមកំណើតពី ប្រទេសចិន ហើយបង្កើតឡើងដោយ មនុស្សម្នាក់ឈ្មោះ WANG XIN។ នៅពេល អ្នកប្រើប្រាស់ ដំឡើងកញ្ចប់កម្មវិធី ដែលបង្កប់មេរោគនេះ នៅក្នុង Cydia នោះ វានឹង ដំឡើង ឯកសារ មួយ គឺ Unflod.dylib ទៅក្នុង ថត /Library/MobileSubstrate/DynamicLibraries។ ឯកសារនេះ នឹងធ្វើការ តាមដាន រាល់ Process ទាំងឡាយ ដែលកំពុងដំណើរការ នៅលើ ឧបករណ៍របស់អ្នកប្រើប្រាស់ បន្ទាប់មក វានឹងចាំស្តាប់ ការវាយឈ្មោះ គណនី និងលេខសំងាត់។ ក្រោយចាប់បាន ព័ត៌មាននេះហើយ វានឹងធ្វើការ ផ្ញើចេញ ទៅកាន់ Server មួយ នៅអាមេរិក ដែលជួលដោយ អតិថិជន ជនជាតិចិន។

ដើម្បីដឹងថា ម៉ាសីុនលោកអ្នក មានឆ្លងមេរោគនោះ ឬអត់ សូមប្រើកម្មវិធី iFile (ដំឡើងពី Cydia) ចូលទៅថត /Library/MobileSubstrate/DynamicLibraries រួចរកមើលឯកសារ Unflod.dylib។ បើមានឯកសារនេះ នោះមានន័យថា ម៉ាសីុនលោកអ្នក បានឆ្លងមេរោគនេះហើយ។ i0n1c បានប្រាប់ថា ដោយសារ តែយើងមិនដឹងថា តើកម្មវិធីណាខ្លះ បង្កប់មេរោគនេះ ដូចនេះ ដំណោះស្រាយជាបណ្តោះអាសន្ន គឺ កុំដំឡើងកញ្ចប់កម្មវិធី ក្នុង Cydia ផ្តេសផ្តាស់ ដើម្បីជៀសវាងឆ្លងមេរោគ ហើយបើឆ្លងហើយ សូមលុបឯកសារ Unflod.dylib ចោល បន្ទាប់មក ធ្វើការផ្លាស់ប្តូរ លេខសំងាត់ គណនី AppleID ចេញ៕
ប្រភព: sektioneins




Loading...

ចូលរួមមតិតាមរយៈ Facebook