Search

[ព័ត៌មានក្តៅ] Apple ប្រកាសពី iPad mini ថ្មីអេក្រង់ Retina និង iPad Air 9.7 អីុង

iPad mini 2+iPad Air
ទីបំផុត អ្វីដែលប្រិយមិត្ត អេបផល រង់ចាំជាយូរមកហើយ បានមកដល់ហើយ។ ក្រុមហ៊ុន Apple កាលពីម្សិលមិញ បានប្រកាស ពី iPad mini ថ្មី ជាមួយ អេក្រង់ Retina និង iPad 9.7 អីុងជំនាន់ក្រោយ ឈ្មោះថ្មីថា iPad Air។

iPad mini ជំនាន់ទី 2 ជាមួយអេក្រង់ Retina:

iPad mini 2
iPad mini ជំនាន់ទី 2 នេះ នឹងមានបំពាក់ដោយអេក្រង់ Retina ដែលអាចបង្ហាញរូបភាព បានរហូត 3.1. លានភិចសែល ជាមួយ នឹងភាពហ្មត់រហូត 326 ppi ដែលខ្ពស់ជាង ម៉ូដែលបងវា iPad 9.7 អីុង ទៅទៀត។ វា ប្រើបន្ទៈឈីបថ្មី A7 ដូច iPhone 5s ដែរ ហើយមានល្បឿនគណនា លឿន ជាង iPad mini ចាស់ រហូត 4 ដង, ល្បឿនក្រាហ្វិករហូត 8 ដង, អេក្រង់ FaceTime HD, កាម៉េរា iSight 5MP និងមានថ្ម ដែលអាចប្រើការ បានរហូត 10 ម៉ោង។ iPad mini ថ្មីនេះ អាចចាក់លេង វីដេអូ 1080p ដោយរលូន ហើយមានបំពាក់ដោយ អង់តែន WiFi 2 ដែលទ្រទ្រង់បច្ចេកវិទ្យា MIMO អាចផ្ទេរប្តូរទិន្នន័យ បានលឿនបំផុត 300Mbps។ សំរាប់ការទ្រទ្រង់ បណ្តាញ ទូរស័ព្ទវិញ iPad mini ថ្មី អាចប្រើបានជាមួយ បណ្តាញ 2G, 3G (DC-HSDPa, HSPA+) និង 4G LTE កាន់តែច្រើនឡើង ជុំវិញពិភពលោក។ iPad mini មាន 2 ពណ៌អោយជ្រើសរើស គឺ ស-ទឹកប្រាក់ និង ខ្មៅប្រផេះ។
ចំណែកតំលៃ របស់វា គឺចាប់ផ្តើមពី $399 សំរាប់ម៉ូដែល WiFi 16GB ហើយនឹងចាប់ផ្តើមលក់ នាថ្ងៃទី 1 ខែវិច្ឆិកា 2013 ខាងមុខនេះ។ រីឯ ម៉ូដែលចាស់ iPad mini ជំនាន់ទីមួយ ត្រូវបាន ទំលាក់តំលៃ $30 មកនៅត្រឹម $299 សំរាប់ម៉ូដែល WiFi 16GB។
 

iPad ជំនាន់ទី 5 មានឈ្មោះថ្មីថា “iPad Air”:

iPad Air
ចំណែក iPad ជំនាន់ទី 5 ត្រូវបាន គេអោយឈ្មោះថ្មីថា “iPad Air” មានរូបរាងខាងក្រៅ ដូច iPad mini ហើយមាន កំរាស់ កាន់តែស្តើង និងស្រាល តែល្បឿនលឿនជាងមុន។ iPad Air មានកំរាស់ស្តើងជាងមុន 20% គឺត្រឹម 7.5 ម.ម ប៉ុណ្ណោះ រីឯទម្ងន់របស់វាវិញ ស្រាលជាងមុន 28% គឺត្រឹមតែ 1 ផោន ឬ 453 ក្រាម តែប៉ុណ្ណោះ… ដែលធ្វើអោយវា ក្លាយជា ថេបប៉្លេត ដែលស្តើងជាងគេ លើលោក។ ម៉ូដែលថ្មីនេះ មានអេក្រង់ Retina ទំហំ 9.7 អីុង, បន្ទៈឈីបថ្មី A7 64-bit, បន្ទៈ M7 Motion Processor និងដើរដោយប្រព័ន្ធ iOS 7។ វាក៏មានបំពាក់បច្ចេកវិទ្យា MIMO WiFi ដែរ ហើយអាចទ្រទ្រង់ជាមួយ បណ្តាញទូរស័ព្ទ 2G, 3G (DC-HSDPa, HSPA+) និង 4G LTE កាន់តែច្រើនឡើង។ iPad Air នៅតែប្រើ កាម៉េរា 5MP ដដែល និងអាចប្រើការ បានប្រហែល 10 ម៉ោង។ iPad Air មាន 2 ពណ៌អោយជ្រើសរើស គឺ ស-ទឹកប្រាក់ និង ខ្មៅប្រផេះ។
ចំណែកតំលៃ របស់វា គឺចាប់ផ្តើមពី $499 សំរាប់ម៉ូដែល WiFi 16GB និង $629 សំរាប់ម៉ូដែល WiFi+Cellular 16GB ហើយនឹងចាប់ផ្តើមលក់ នាថ្ងៃទី 1 ខែវិច្ឆិកា 2013 ខាងមុខនេះ
 
iPad mini+Air Price
គួរកត់សម្គាល់ថា ក្រុមហ៊ុន Apple នៅតែលក់ iPad 2 នៅឡើយ ដែលមានតំលៃ $399 សំរាប់ម៉ូដែល WiFi 16GB៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook