Search

[ព័ត៌មានក្តៅ] វ៉ិបសាយ​​ MegaUpload ត្រូវបានបិទ​​ និងរឹបអូស​ ដោយរដ្ឋាភិបាលអាមេរិក

MegaUploadវ៉ិបសាយ បង្ហោះ និងចែករំលែក ឯកសារដ៏ល្បីល្បាញ​ megaupload.com ថ្ងៃនេះ​ ត្រូវបាន បិទដោយ រដ្ឋាភិបាលអាមេរិក ហើយមនុស្ស 4 នាក់ ត្រូវបានចាប់ខ្លួន និង 3 នាក់ ត្រូវបាន គេប្តឹង ក្នុងបទល្មើស កម្មសិទ្ធិបញ្ញា។ ការបិទនេះ កើតឡើង ក្រោយពេល មានយុទ្ធនាការ តវ៉ា យ៉ាងច្រើន ប្រឆាំងនឹង ច្បាប់កម្មសិទ្ធិបញ្ញាថ្មីពីរ SOPA និង PIPA ដែល មានគោលដៅ ផ្តល់សិទ្ធិកាន់តែខ្លាំងឡើង អោយម្ចាស់កម្មសិទ្ធិបញ្ញា អាចបិទវ៉ិបសាយ ដែលបង្ហោះ ឯកសាររបស់ខ្លួន ខុសច្បាប់ ដូចជា ចំរៀង និងវីដេអូ ជាដើម។

MegaUpload Seized
MegaUpload គឺជាវ៉ិបសាយ ដែលអនុញ្ញាតិ អោយអ្នកប្រើប្រាស់ បង្ហោះ ឯកសាររបស់ខ្លួន ទៅលើ Server របស់ពួកគេ ហើយ អាចចែករំលែក លីង ទៅអោយអ្នកដទៃ អាចដោនឡូដបាន។ ហើយការបិទនេះ កើតឡើង ដោយសារតែ មានការចោទប្រកាន់ថា វ៉ិបសាយនេះ បានធ្វើអោយ ម្ចាស់កម្មសិទ្ធិ ខាតបង់លុយប្រមាណ $500 លានដុល្លារ និងបានបន្តថា វ៉ិបសាយមួយនេះ អាចរក ប្រាក់ចំណូលបានប្រមាណ $175 លានដុល្លារពី ការផ្សាយពាណិជ្ជកម្ម និងការចុះឈ្មោះសមាជិក។
គួរបញ្ជាក់ថា MegaUpload មានសមាជិកជាង 150 លាននាក់ ហើយជារៀងរាល់ថ្ងៃ មានមនុស្សចំនួន 50 លាននាក់ ប្រើប្រាស់ សេវានេះ ដែលស្មើនឹង 4% នៃចរាចរអ៊ីនធើណែតសរុប។ ក្រោយការបិទនេះ មានការប្រឆាំងតបវិញពី ក្រុម Hackers ដែលមិនយល់ស្របនឹង ច្បាប់ SOPA នេះ ឈ្មោះ ‘Anonymous’ ដោយ ពួកគេ បានវាយលុយ វ៉ិបសាយល្បីៗមួយចំនួន រួមមាន​ Justice.gov, វ៉ិបសាយក្រុមហ៊ុន ចម្រៀង Universal Music, វ៉ិបសាយ សេតវិមានអាមេរិក និង FBI ជាដើម តាមរយៈវិធីសាស្រ្ត DDoS Attack ឬរុញអោយ មានចរាចរណ៍ច្រើន ចូលទៅកាន់វ៉ិបសាយទាំងនោះ ធ្វើអោយវា គាំង និងយឺតក្នុងការបើក។​
MegaUpload ត្រូវបានបិទរួចទៅហើយ… សំណួរសួរថា តើអ្នកណា នឹងជា ជនបន្ទាប់? FileServe, FileSonic, MediaFire???
 

ហេតុអ្វី មនុស្សភាគច្រើន មិនយល់ស្របនឹងច្បាប់ SOPA?

បើសិនជា​​ លោកអ្នក​ បើកមើលវ៉ិបសាយ​ព័ត៌មាន បរទេស​ ប៉ុន្មានថ្ងៃនេះ​ នឹងឃើញ ផ្ទាំងផ្សាយ “Prevent SOPA” មិនខាន។​ នេះ គឺជាផ្ទាំងមួយ ដែលវ៉ិបសាយជាច្រើន ក៏ដូចជា ក្រុមហ៊ុនអ៊ីនធើណែតធំៗរួមមាន Google, YouTube, Facebook, Yahoo​ និង Twitter ជាដើម បានស្រុះស្រួលគ្នា ប្រឆាំងនឹង ការអនុវត្តច្បាប់ថ្មី ឈ្មោះ SOPA ឬ Stop Online Piracy Act ដែលជា ច្បាប់មួយ ប្រឆាំងនឹង ការល្មើសកម្មសិទ្ធិបញ្ញាអេឡិចត្រូនិក ដូចជា បទចំរៀង វីដេអូ​​​​ និងកម្មវិធីជាដើម។ អ្នកប្រហែលជា ឆ្ងល់ថា វាជារឿងល្អតើ? ហេតុអ្វី ពួកគេ បែរជានាំគ្នា ប្រឆាំង? មនុស្សជាច្រើន នៅបរទេស យល់ថា នេះ គឺជាការជ្រៀតជ្រេក របស់រដ្ឋាភិបាលអាមេរិក លើវិស័យព័ត៌មាន​ ហើយជាមួយនឹងច្បាប់នេះ រដ្ឋាភិបាលអាមេរិក មានសិទ្ធិ អាចរឹបអូស បិទវ៉ិបសាយ​​ និងដាក់ទំងន់ទោស ដល់ ម្ចាស់វ៉ិបសាយបាន បើសិនជា រកឃើញមាន ឯកសារល្មើសកម្មសិទ្ធិនៅលើវ៉ិបសាយរបស់ខ្លួន បើទោះជា អ្នកប្រើប្រាស់ ជាអ្នក Upload ក៏ដោយ។​ ក្រៅពីនេះ​ ច្បាប់ថ្មីនេះ ក៏ផ្តល់អំណាចដល់ មេធាវីរដ្ឋាភិបាល អោយបង្កើតបញ្ជីរខ្មៅលើ វ៉ិបសាយ ទាំងឡាយណា​ ដែលគេយល់ថា មិនសមស្រប និងបញ្ជារអោយ ក្រុមហ៊ុនផ្តល់សេវា អ៊ីនធើណែត បិទមិនអោយអ្នកប្រើប្រាស់​ អោយចូល វ៉ិបសាយនោះ តែម្តង បើទោះជា វ៉ិបសាយ ទាំងនោះ មិនទាន់ត្រូវបាន តុលាការ រកឃើញកំហុស ក៏ដោយ។ គិតទៅមើល វ៉ិបសាយ Facebook រាល់ថ្ងៃ មានអ្នក បង្ហោះវីដេអូបទចំរៀង មួយគំនរ ហើយសុទ្ធតែ មិនស្របច្បាប់ … មិនយូរនឹងឆាប់ Facebook អាចនឹងត្រូវបិទផង ក៏ថាបាន៕
ប្រភព: DigitalTrends




Loading...

ចូលរួមមតិតាមរយៈ Facebook