Search

[ព័ត៌មាន] មេធាវីរបស់ Samsung មិនអាចបែងចែករវាង Galaxy Tab 10.1 និង iPad 2

iPad 2 vs. Galaxy Tab 10.1
នេះ អាចជារឿងមួយគួរអោយអស់សំណើច នៅពេលដែល មេធាវីរបស់ Samsung មិនអាចបែងចែកថា ក្នុងចំងាយ 10 ហ្វីត [ប្រមាណ 3 ម៉ែត្រ] តើមួយណាជា Galaxy Tab 10.1 និងមួយណាជា iPad 2 នៅក្នុងសាលកាត់ក្តី របស់អាមេរិក កាលពីដើម អាទិត្យនេះ។ បើតាមប្រភពពី Reuters បានអោយដឹងថា លោកស្រីតុលាការ Koh បានលើកឡើង ជាញយៗ អំពី ភាពស្រដៀងគ្នានៃ ថាប្ល៉េត ទាំងពីរនេះ។ មានពេលមួយ លោកស្រី Koh បានលើកកាន់ ថាប្ល៉េត ទាំងពីរនេះ ដាក់ពីលើក្បាលរបស់គាត់ ហើយបានសួរទៅកាន់ មេធាវី Samsung ថា តើគាត់អាចបែងចែកបានទេ ថាមួយណាជាមួយណា ក្នុងចំងាយ 10 ហ្វីត?

មេធាវី Samsung Sullivan មានឆ្លើយតបថា “មិនអាចបានទេ ក្នុងចំងាយនេះ“។ មួយសន្ទុះក្រោយមក ទើបមេធាវីម្នាក់ទៀតរបស់ Samsung អាចទាយត្រូវថា មួយណាជា Galaxy Tab 10.1។ នៅពេលបិទអេក្រង់ វាអាចនឹងពិបាកនឹងសំគាល់ថា មួយណាជាមួយណា ព្រោះ ថាប្ល៉េត ទាំងពីរនេះ មានរាង 4 ជ្រុងដូចគ្នា តែលោកមេធាវី គួរតែអាចបែងចែកបាន ព្រោះ Galaxy Tab មិនមាន ប៊ូតុង Home Screen នោះទេ ហើយវា មានអេក្រង់ទ្រវែងជាង។
គួរបញ្ជាក់ថា បណ្តឹងនេះ កើតឡើង ដោយសារ Apple បានចោទប្រកាន់ថា Samsung បានលួចចំលងម៉ូដ iPhone និង iPad របស់ខ្លួន ហើយមិនត្រឹមតែឈ្លោះគ្នា នៅអាមេរិកទេ គឺរាលដាលរហូតដល់ ប៉ែក អឺរ៉ុប និងអូស្រ្តាលីទៀតផង។ ថ្មីៗនេះ តុលាការរបស់ អូស្រ្តាលី បានចេញសេចក្តីបង្គាប់ ហាមមិនអោយ Samsung ចរាចរលក់ Galaxy Tab របស់ខ្លួន នៅលើទីផ្សារប្រទេស អូស្រ្តាលី។

ចាំមើលថា តើទីបញ្ចប់នឹងទៅ ជាយ៉ាងណា ហើយ ទំនាក់ទំនងរវាង អ្នកជាវ [Apple] និងអ្នកផ្គត់ផ្គត់ផ្នែកខាងក្នុងអោយ Apple [Samsung] អាចនឹងប៉ះពាល់ដែរ ឬអត់?
ប្រភព: Reuters




Loading...

ចូលរួមមតិតាមរយៈ Facebook