Search

[ព័ត៌មានក្តៅ] Google កំពុងចរចារទិញ្ Motorola Mobility ក្នុងតំលៃ 12.5 ពាន់លានដុល្លា ដើម្បីពង្រឹង Android ពីបណ្តឹងប៉ាតង់

Google Acquire Motorola Mobilityក្រុមហ៊ុន Google ថ្ងៃនេះ បានទិញយក ក្រុមហ៊ុន Motorola Mobility ក្នុងតំលៃមួយដ៏ថ្លៃ ក្នុងប្រវត្តិសាស្រ្ត 12.5 ពាន់លានដុល្លា ក្នុងគោលបំណង ដើម្បីពង្រឹងជំហររបស់ ប្រព័ន្ធប្រតិបត្តិការ Android ពីការបណ្តឹងប្តឹងផ្តល់ ទាក់ទងនឹង ប៉ាតង់។ លោក Larry Page បានមានប្រសាសន៍ថា “ដោយមើលឃើញពី ភាពជោគជ័យដ៏អស្ចារ្យរបស់ ប្រព័ន្ធ Android យើងតែងតែ ខិតខំរកមធ្យោបាយថ្មីៗ ដើម្បីពង្រឹងប្រព័ន្ធនេះ ហើយខ្ញុំ មានក្តីរំភើបណាស់ ក្នុងការប្រកាសថា ថ្ងៃនេះ យើងយល់ព្រម សំរេចទិញយក ក្រុមហ៊ុន Motorola”។

ការទិញយកនេះ ធ្វើអោយគេ គិតថា Google ចង់ដើរតាម គោលនយោបាយរបស់ Apple ដែលប្រកាន់ខ្ជាប់ថា “ផលិតផ្នែកទន់ សំរាប់ដាក់លើ ផ្នែករឹងរបស់ខ្លួន” ដូចដែល Steve Job ធ្លាប់និយាយប្រាប់ Allan Kay កាលពីប៉ុន្មានឆ្នាំមុនថា “បើសិនជាអ្នក មឺងម៉ាត់នឹង ផ្នែកទន់ នោះអ្នក គួរផលិតឧបករណ៍ដើម្បីដំណើរការវា”។ តែបើទោះជាមានការទិញយកនេះ ក៏ដោយ Google នៅតែ បន្តជំហរអះអាងថា Android នៅតែជា ប្រព័ន្ធប្រតិបត្តិការបើកចំហរ ហើយនឹងនៅតែ ចែកជូនប្រើ ដោយមិនគិតថ្លៃ។
 

មូលហេតុនៃការទិញយក

មូលហេតុដែលឈានទៅដល់ការសំរេចចិត្តទិញនេះ មួយភាគ គេជឿថា បណ្តាលមកពីការរួមគ្នាទិញយក ប៉ាតង់ Nortel ក្នុងតំលៃ 4.5 ពាន់លានដុល្លា កាលពីពេលថ្មីៗនេះ ដោយ Microsoft, Apple និងក្រុមហ៊ុនមួយចំនួន ដែល Google យល់ថា ជាជំហានមួយ ក្នុងការយ៊ាយី ប្រព័ន្ធ Android។ ម៉្យាងវិញទៀត ក្រៅពីការពារ Android ការទិញយកនេះ ធ្វើអោយ Google ទទួលផលប្រយោជន៍ ជាច្រើនដូចជា ប៉ាតង់ជាង 17,000 ដែលកាន់កាប់ដោយ Motorola, ស្រឡាយផ្លាកសញ្ញាស្មាតហ្វូន Droid/ MileStone/ Flip/ Defy, បច្ចេកវិទ្យា Set-Top Box (ពពួកឧបករណ៏ ចាក់លេងវីដេអូអនឡាញ សំរាប់ទូរទស្សន៍) និងផលិតផលផ្សេងៗទៀតរបស់ Motorola (Broadband Routers, សំភារៈ Network និងសំភារៈសំរាប់ ប្រព័ន្ធការពារសុវត្ថិភាព ឌីជីថល)។ ផលិតផល និងបច្ចេកទាំងអស់ ខាងលើនេះ នឹងអាចជួយពង្រីក មុខរបររបស់ Google នាពេលអនាគតបាន ព្រោះ ឥឡូវ Google ក៏ចាប់អារម្មណ៍ ទីផ្សារ មើលវីដេអូអនឡាញ ដូច Apple ដែរ ដោយការផលិត Google TV។
 

ការគាំទ្រពីដៃគូពាណិជ្ជកម្ម

នាយកប្រតិបត្តិ HTC, Sony Ericsson និង LG សុទ្ធតែចេញសេចក្តីថ្លែងការរៀងៗខ្លួន គាំទ្រការទិញយកនេះ ដោយបានថ្លែងថា “យើងសូមស្វាគមន៍ ការប្តេជ្ញារបស់ Google ក្នុងការការពារប្រព័ន្ធ Android និងដៃគូរបស់គេ”៕
 

Larry Page

នាយកប្រតិបត្តិ Google លោក Larry Page




Loading...

ចូលរួមមតិតាមរយៈ Facebook