Search

[ព័ត៌មាន] Phil Schiller និយាយអំពី ប្រវត្តិ iPhone កាលពី 10 ឆ្នាំមុន ព្រមទាំង អនាគត របស់វា

ដើម្បីអបអរសាទរខួប 10 ឆ្នាំនៃ iPhone នាយរង Apple ផ្នែកទីផ្សា លោក Phil Schiller បានផ្តល់បទសម្ភាសដល់ អ្នកកាសែត Steven Levy ដោយនិយាយអំពី ប្រវត្តិ និងអនាគត របស់វា។

Apple iPhone line up

បើតាម Schiller បានឱ្យដឹងថា ដំបូងឡើយ មានការជជែកគ្នាថា តើ គួរដាក់ iPhone ជាឧបករណ៍បិទ ដូច iPod ឬបើកចំហរ ដូចម៉ាសីុន Mac។ ប៉ុន្តែ នាយកប្រតិបត្តិ Apple ជំនាន់នោះ គឺ Steve Jobs បានបញ្ចប់ ការជជែកនោះដោយ និយាយថា “Apple មិនទាន់មាន ប្រព័ន្ធបើកចំហរនោះទេ ហើយ យើង អាចនឹងកែប្រែចិត្ត នៅពេលក្រោយបាន។ ប៉ុន្តែ បច្ចុប្បន្ន ចូរស្រមៃមើល ពិភពលោក ដែលយើង ត្រូវដោះស្រាយបញ្ហា ជាមួយនឹង កម្មវិធី​ App ដែលយើង បង្កើតដោយខ្លួនឯង និងវិធី ដើម្បីឱ្យ អ្នកអភិវឌ្ឍ អាចបង្កើត Web App“។ ក្រោយពេល Apple ដាក់បញ្ចេញ ហាងកម្មវិធី App Store មួយឆ្នាំក្រោយមក iPhone បានក្លាយជា ឧបករណ៍ ដ៏ពេញនិយមបំផុត នាពេលនោះ។

បច្ចុប្បន្ន អ្នករិះគន់ បានលើកឡើងថា Apple កំពុងប្រើយុទ្ធសាស្ត្រការពារខ្លួន ដោយ ធ្វើការ អាប់ដេត iPhone ជាមួយនឹងមុខងារដែលមានស្រាប់ តិចតួច ជាជាង មុខងារវិវត្តន៍ថ្មី។ ប៉ុន្តែ បើតាម Schiller វិញ បានបដិសេធ ដោយនិយាយថា មុខងារដែលបានបង្ហាញលើ iPhone កាលពីពេលថ្មីៗនេះ សុទ្ធតែ ជា មុខងារថ្មីធំៗ។ Schiller ថា “គុណភាព របស់ iPhone គឺគ្មានគូប្រកួតប្រជែង។ បទពិសោធន៍ការប្រើប្រាស់ គឺគ្មានគូប្រកួតប្រជែង។ ចំណែក ការរួមបញ្ចូលគ្នា រវាងផ្នែកទន់ និងផ្នែករឹង ក៏គ្មានគូប្រកួតប្រជែង។ យើង ធ្វើវា មិនមែន គោលបំណង ឱ្យថោកជាងគេ ឬថ្លៃជាងគេ នោះទេ ប៉ុន្តែ គឺឱ្យល្អជាងគេ“។

សំរាប់ អនាគត របស់ iPhone លោក Schiller ថា iPhone នៅសល់ពេល 50 ឆ្នាំទៀត ដើម្បីអភិវឌ្ឍ ហើយ ឧបករណ៍ក្នុងហោបៅ ដូចជា iPhone នឹងនៅតែ មានសារៈសំខាន់ នាប៉ុន្មានទសវត្ស ខាងមុខ។ បើទោះជា អ្នកខ្លះយល់ថា ជំនាន់ការបញ្ជារដោយប្រើសម្លេង កំពុងខិតជិតមកដល់ហើយ ជាក់ស្តែងដូចជា ឧបករណ៍ បញ្ជារដោយប្រើសម្លេង Amazon Alexa ព្រមទាំង ឧបករណ៍បរិក្ខាក្នុងគេហដ្ឋាន ដែលអាច ទទួលការបញ្ជារប្រើប្រាស់ ដោយសម្លេង ប៉ុន្តែ Schiller យល់ថា ជំនួយដ៏ឆ្លាតវៃ គឺនៅតែជា ឧបករណ៍ដែលឋិតនៅជាប់ ខ្លួន អ្នកប្រើប្រាស់ ហើយអេក្រង់ នឹងនៅតែជា កត្តាចំបាច់ ដែលមិនអាចខ្វះបាន
ប្រភព: BackChannel




Loading...

ចូលរួមមតិតាមរយៈ Facebook