Search

[ព័ត៌មាន] ជួបជាមួយ អ្នកនៅពីក្រោយ ការបង្កើត បន្ទៈឈីប ស៊េរី A របស់ Apple: លោក Johny Srouji

Apple Vice President Johny Srouji
ក្រោយពេលធ្វើការ យ៉ាងសកម្ម នៅក្នុងការបង្កើត ផលិតផលសំខាន់ចំនួន 2 អោយ Apple គឺ បន្ទៈឈីបស៊េរី A និង ប៊ូតុងស្គែនក្រយៅដៃ Touch ID ដែលប្រើ នៅលើ iPhone និង iPad លោក Johny Srouji ទីបំផុត ត្រូវបាន Apple ដំឡើងតំណែងថ្មី ជា នាយករង Apple កាន់កាប់បច្ចេកវិទ្យាផ្នែករឹង ហើយត្រូវរាយការណ៍ និងធ្វើការផ្ទាល់ ក្រោម នាយកប្រតិបត្តិ Tim Cook តែម្នាក់គត់។

មានដើមកំណើតជា ជនជាតិ អារ៉ាប់ កាត់អីុស្រាអែល មកពីទីក្រុង Haifa ប្រទេស អីុស្រាអែល លោក Srouji មាននៅក្នុងដៃនូវ សញ្ញាប័ត្រ និងអនុបណ្ឌិត ផ្នែក វិទ្យាសាស្ត្រកុំព្យូទ័រ ពីសកលវិទ្យាល័យបច្ចេកវិទ្យា Technion របស់ អីុស្រាអែល។ មុននឹងមកធ្វើការអោយ Apple គាត់ ធ្លាប់ធ្វើការ ផ្នែករចនាឈីប អោយ Intel និង IBM។ ពេលធ្វើការអោយ Apple ដំបូង គាត់ កាន់ការងារជា អ្នកដឹកនាំផ្នែក បន្ទៈឈីបឧបករណ៍ចល័ត និង VLSI (very-large-scale integration)។ ក្នុងតំណែងនោះហើយ ដែលគាត់ បានដឹកនាំអភិវឌ្ឍ បន្ទៈឈីប A4 ដែលជា បន្ទៈឈីបដំបូង ដែល Apple អភិវឌ្ឍឡើងដោយខ្លួនឯង សំរាប់ប្រើលើ iPad នាឆ្នាំ 2010។ តាំងពីពេលនោះមក Apple បានបង្កើត បន្ទៈឈីបស៊េរី A ផ្ទាល់ខ្លួន សំរាប់ iPhone និង iPad ជាបន្តបន្ទាប់ ពិសេសចុងក្រោយ គឺបន្ទៈឈីប A9X របស់ iPad Pro ដែលត្រូវបាន គេសរសើរថា មានសមត្ថភាពខ្លាំង លំដាប់ អង្គគណនាប្រើនៅលើ កុំព្យូទ័រដែរ។

Srouji ក៏មានចំណែក ក្នុងការបង្កើត សិុនស័រស្គែនក្រយៅដៃ Touch ID ដែរ ហើយដែល Apple បានដាក់បញ្ចេញប្រើដំបូងគេ នៅលើ iPhone 5s។ ក្រៅពីនេះ គាត់ ក៏រួមចំណែក ក្នុងការ អភិវឌ្ឍ ថ្ម, ថាសរឹង និងបច្ចេកវិទ្យាអេក្រង់ ថ្មីៗ ផងដែរ។

គួររំលឹកថា តួនាទីរបស់គាត់ បច្ចុប្បន្ន ពីមុន គឺកាន់កាប់ដោយ លោក Bob Mansfield ដែលមានប្រវត្តិជា វិស្វករផ្នែករឹងដែរ។ ប៉ុន្តែ Mansfield បានកាត់បន្ថយ តួនាទីរបស់គាត់ នៅក្នុង ក្រុមហ៊ុន Apple ដោយងាកទៅ កាន់គំរោងពិសេសៗ ដែលស្ថិតក្រោមការត្រួតពិនិត្យពី Tim Cook តែម្នាក់គត់។

តួនាទីថ្មីរបស់ Srouji បានបង្ហាញពី ការផ្តល់សារៈសំខាន់របស់ Apple ទៅលើ ការបង្កើត ឈីប ដោយខ្លួនឯង ដែលជា កត្តាមួយ ធ្វើអោយ ក្រុមហ៊ុននេះ លេចធ្លោពី គូរប្រកួតប្រជែង។ ក្រៅពី បន្ទៈឈីបសេ៊រី A ក្រុមហ៊ុននេះ ក៏បានបង្កើត បន្ទៈឈីបតាមដានចលនា ស៊េរី M សំរាប់ iPhone និង បន្ទៈឈីប S1 សំរាប់នាឡិកាឆ្លាតវៃ Apple Watch ដោយខ្លួនឯងដែរ។ ហើយបើតាម ដំណឹងលេចលឺ កាលពីពេលថ្មីៗនេះ Apple ទំនងនឹងបង្កើត អង្គក្រាហ្វិកដោយខ្លួនឯង ជំនួសអោយការប្រើប្រាស់ អង្គក្រាហ្វិក PowerVR របស់ក្រុមហ៊ុន Imagination Technologies៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook