Search

[ព័ត៌មាន] Geohot កំពុងសម្ងំបង្កើត បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ

geohotz sef-driving tech
អ្នកមិនចាំបាច់ មានធនធាន និងទ្រព្យច្រើនរាប់លាននោះទេ ដើម្បីបង្កើតបច្ចេកវិទ្យាមួយដ៏អស្ចារ្យ… ហើយនេះ គឺជា ឧទាហរណ៍មួយ ដ៏ល្អ។ អ្នកបំបែកកូដ Geohot ដែលជា មនុស្សដំបូង ដែលអាចដោះកូដ និងហែកគុក iPhone ជំនាន់ទី 1 ព្រមទាំងម៉ាសីុន Sony PS3 បានកំពុង និងសម្ងំបង្កើត រថយន្តបើកបរដោយខ្លួនឯង ជាងមួយខែមកហើយ នៅក្នុង រោងដាក់ឡានរបស់គាត់។

Geohot បានកែកុន រថយន្ត Acura ឆ្នាំ 2016 របស់គាត់ ដើម្បីបំពាក់បច្ចេកវិទ្យា បើកបរដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់ កាតក្រាហ្វិក ដែលគេនិយមប្រើ ក្នុងម៉ាសីុនលេងហ្គេម, អង្គគណនា Intel ដើម្បីធ្វើការគណនា បញ្ញានិមិត្ត, កាម៉េរា ស្មាតហ្វូនចំនួន 6 ដើម្បីប្រមូលទិន្នន័យ និងរូបភាព ជុំវិញរថយន្ត, ដៃចុច Joystick និងម៉ូនីទ័រទំហំ 21.5 អីុង ដើម្បីបង្ហាញទិន្នន័យ។ ទាំងអស់នេះ ត្រូវចំណាយអស់ $20,000 ហើយបើគិតទាំងរថយន្តតំលៃ $30,000 គំរោងរបស់គាត់ សរុបទៅចាយអស់ $50,000 ហើយ។

geohotz sef-driving tech

អ្វីដែលជំរុញអោយគាត់ធ្វើ គឺគាត់ចង់ប្រកួតជាមួយ រថយន្តបើកបរដោយស្វ័យប្រវត្តិ ដែលបង្កើតឡើងដោយ ក្រុមហ៊ុន Tesla របស់លោក Elon Musk។ ប៉ុន្តែ Tesla មិនបានបង្កើតបច្ចេកវិទ្យា បើកបរដោយស្វ័យប្រវត្តិនេះ ដោយខ្លួនឯងនោះទេ គឺពួកគេ ទិញយកពី ក្រុមហ៊ុន Mobileye… ដែល Geohot និយាយថា គឺជា បច្ចេកវិទ្យាហួសសម័យ។

ដំបូងឡើយ Musk ភ្នាល់គ្នាជាមួយ Hotz ថា បើគាត់ អាចបង្កើត បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ នេះល្អជាង Mobileye នោះ Musk នឹងផ្តល់ កុងត្រាមួយ ដែលមានលុយច្រើនសន្ធាប់ ដល់ Hotz។ ប៉ុន្តែ Hotz និយាយថា Musk បានផ្លាស់ប្តូរពាក្យ ជាញឹកញាប់ ហើយ ចុងក្រោយ បានបបួលគាត់ ទៅធ្វើការអោយ Tesla វិញ ជាមួយនឹង ប្រាក់រង្វាន់លើកទឹកចិត្ត រាប់លានដុល្លារ ប៉ុន្តែ Hotz បដិសេធ ដោយលើកឡើងថា គាត់ មិនមែនកំពុង ស្វែងរកការងារនោះទេ ហើយគាត់ នឹងប្រាប់ Musk វិញ នៅពេល គាត់យកឈ្នះបច្ចេកវិទ្យារបស់ Mobileye។
អ្វីដែល Hotz ចង់បាន ទំនងជា គាត់ចង់ក្លាយជា ម្ចាស់ធុរកិច្ច ដោយខ្លួនឯង… ជាជាងធ្វើជា កូនចៅ អោយអ្នកដទៃ។

Geohot ថា បច្ចេកវិទ្យារបស់គាត់ ខុសពី បច្ចេកវិទ្យាបច្ចុប្បន្ន របស់ក្រុមហ៊ុនដទៃ។ ជាជាង ការសរសេរកូដចងទុកមុន រាប់ពាន់បន្ទាត់ ដើម្បីប្រាប់រថយន្ត ថា គួរប្រព្រឹត្តិយ៉ាងម៉េច នៅក្នុងស្ថានភាពខុសៗគ្នានោះ បច្ចេកវិទ្យារបស់ Hotz គឺប្រើប្រាស់ វិធីសិក្សាស្វែងយល់ដោយខ្លួនឯង ហៅថា “Deep Learning” ដោយតំរូវអោយ អ្នកបើកបរ បើករថយន្តអោយ បញ្ញានិមិត្ត មើលជាមុនសិន ដើម្បីអោយវា សង្កេតពីរបៀបបើកបររបស់មនុស្ស។ វា នឹងសិក្សាពី ទំលាប់របស់អ្នកបើកបរថាតើ ពួកគេ ប្រព្រឹត្តិយ៉ាងដូចម៉្តេច នៅក្នុងស្ថានភាពផ្សេងៗ ហើយវា នឹងធ្វើត្រាប់តាម ទំលាប់នោះ។

កូដរបស់ Geohotz មានជាង 2,000 បន្ទាត់ ហើយ គាត់ បានបង្កើតក្រុមហ៊ុនខ្លួនឯងមួយ ឈ្មោះ comma.ai។ គួររំលឹកថា Geohot ធ្លាប់មានប្រវត្តិធ្វើការអោយ ក្រុមហ៊ុនធំៗជាច្រើន ដូចជា Google, Facebook, SpaceX ជាដើម។ យើង សង្ឃឹមថា គាត់ នឹងជោគជ័យជាមួយ បច្ចេកវិទ្យាថ្មីនេះ៕


ប្រភព:




Loading...

ចូលរួមមតិតាមរយៈ Facebook