Search

[ព័ត៌មាន] អ្នកប្រើ ប្រព័ន្ធ iOS 9 មួយចំនួន ត្អូញត្អែរ បញ្ហា ល្បឿនប្រើការយឺត នៅលើប្រព័ន្ធនេះ

ios 9បើតាម ការពិភាក្សាមួយ នៅក្នុង គេហទំព័រទ្រទ្រង់សហគមន៍ MacRumors បានអោយដឹងថា មានមនុស្សមួយក្រុម ដែលប្រើប្រាស់ iPhone, iPod Touch និង iPad ដែលបាន អាប់ដេតទៅកំណែទំរង់ iOS 9 បានត្អូញត្អែរ ពីល្បឿនប្រើការយឺត និងការគាំងដោយគ្មានមូលហេតុ នៅលើ ប្រព័ន្ធថ្មីនេះ។ អ្នកប្រើប្រាស់ បានអះអាងថា ការប្រើការនៅលើ iOS 9 មានល្បឿនយឺតជាង នៅលើ iOS 8 ទៅទៀត មិនថា ឧបករណ៍អ្នក ចាស់ឬថ្មី មិនថា iPhone 5, iPad 3, iPhone 6 ឬ iPad Air 2 នោះទេ។ អ្នកត្អូញត្អែរខ្លះ បានអោយដឹងថា អេហ្វិកមានចលនា និងការបើកដំណើរការ កម្មវិធី មានការយឺតយាវ ជាងមុន ហើយពួកគេ រកគិត ត្រឡប់ទៅ iOS 8 វិញ។

ប៉ុន្តែ មានអ្នកខ្លះ បែរជារកឃើញថា វាលឿនជាង កំណែទំរង់ចាស់ទៅវិញ។ អ្នកប្រើ iPad 3 ម្នាក់ដែលបានអាប់ដេតទៅ iOS 9 បាននិយាយថា iOS 9 ដើរលឿន និងរលូនជាង iOS 8 ឆ្ងាយណាស់។ ហើយក៏មាន អ្នកប្រើ iPhone 6 និង iPad Air 2 ខ្លះថា វាល្អ និងលឿនជាង iOS 7/8 ដែរ។

បញ្ហានេះ ច្រើនកើតឡើងទូទៅ សំរាប់ ការដំឡើងទៅកាន់ កំណែទំរង់ធំៗ ដូចនេះ យកល្អ លោកអ្នក ដែលចង់អាប់ដេតទៅ iOS 9 គួរដំឡើងវាថ្មី តាម iTunes ជាជាង ការអាប់ដេត តាម OTA ហើយមិនគួរ ទាញយកទិន្នន័យចាស់មកវិញ (Restore from backup) នោះទេ តែគួររើសយក Set up as new iPhone ហើយចាំដោនឡូដ កម្មវិធីដែលធ្លាប់ប្រើ តាមក្រោយវិញ។

យើង បានអាប់ដេត iPhone 5 របស់យើង ទៅកាន់ iOS 9 ដោយប្រើ ការអាប់ដេតថ្មី តាម iTunes ហើយរើសយក Set up as new iPhone ឃើញថា ល្បឿនប្រើការរបស់វា បើធៀបនឹង iOS 8 ដូចជា មិនមានការប្រែប្រួល អ្វីនោះទេ ប៉ុន្តែដូចជា ឆាប់អស់ថ្ម ជាងមុន។ នេះប្រហែលជា ប្រព័ន្ធថ្មីនេះ ប្រើ អេហ្វិកមានចលនាច្រើនជាងមុនហើយមើលទៅ? ចុះអ្នកវិញ តើជួបបញ្ហាអ្វីខ្លះ?
ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook