Search

[លឺគេថា] Apple ទិញយក ក្រុមហ៊ុនបង្កើតរូបភាពចលនា 3D លើមុខ ឈ្មោះ Faceshift

faceshiftរបាយការណ៍មួយ កាលពីថ្ងៃសុក្រ ម្សិលមិញ បានអះអាងថា ក្រុមហ៊ុន Apple បានទិញយក ក្រុមហ៊ុនស្វីស Faceshift ដែលជំនាញខាង បង្កើតរូបភាពមានចលនានៅមុខ បែប 3D។ បច្ចេកវិទ្យារបស់ Faceshift អាចអោយគេ បង្កើត រូបភាពមុខ ព្រមទាំង ចលនាមុខមាត់ បែប 3D ភ្លាមៗ តាមរយៈ ការថតមុខមនុស្សពិតៗ។

បច្ចេកវិទ្យារបស់ Faceshift មិនចាំបាច់ អោយគេ បំពាក់ ដុំម៉ាកខើ ចាប់សញ្ញា នៅលើ ដងខ្លួន ឬមុខមាត់មនុស្ស ដើម្បីប្រើវា ជាចំណុចសំអាង ក្នុងតាម ចាប់យក រូបភាពនោះទេ។ ពួកគេ ប្រើ កម្មវិធីផ្នែកទន់ ដែលអាចចាប់យកមុខមាត់មនុស្ស និងសិុនស័រ 3D ដើម្បីបង្កើត ចលនាបំរែបំរួល ដែលកើតមាននៅលើមុខ។ បច្ចេកវិទ្យារបស់ Faceshift ត្រូវបាន គេប្រើជា plugin សំរាប់ កម្មវិធី 3D Maya, កម្មវិធីបង្កើតហ្គេម Unity និងកម្មវិធី Skype ជាដើម។

គួររំលឹកថា ក្រុមហ៊ុន Apple តែងតែ បង្ហាញ ចំណាប់អារម្មណ៍របស់ខ្លួន ទៅលើ ក្រុមហ៊ុនដែលមានបច្ចេកវិទ្យា ទាក់ទងនឹង ការសម្គាល់មុខមនុស្ស ដូចជា ការទិញយក ក្រុមហ៊ុន Polar Rose ក្នុងឆ្នាំ 2010 និង PrimeSense ក្នុងឆ្នាំ 2013។ Polar Rose ជាក្រុមហ៊ុនស្វីស ដែលមានបច្ចេកវិទ្យា អាចសំគាល់អ្នកប្រើប្រាស់ តាមរយៈ មុខ ចំណែក PrimeSense ជាក្រុមហ៊ុន អីុស្រាអែល ជំនាញខាង ចាប់យកចលនា របស់អ្នកប្រើប្រាស់ តាមរយៈ កាម៉េរាស្កែន ហើយបច្ចេកវិទ្យារបស់ក្រុមហ៊ុននេះ ត្រូវបាន Microsoft យកទៅបង្កើត កាម៉េរា Kinect សំរាប់លេងហ្គេមលើ Xbox 360។

គេមិនដឹងថា តើ Apple នឹងប្រើបច្ចេកវិទ្យារបស់ Faceshit ដើម្បីធ្វើអ្វីនោះទេ ប៉ុន្តែ បច្ចេកវិទ្យាសម្គាល់មុខ អាចយកប្រើច្រើនរបៀបណាស់ ដូចជា បើកសោរអេក្រង់, ដាក់អេហ្វិកផ្សេងៗ ពេលថតរូប Selfie និងលេងហ្គេមជាដើម៕
AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook