Search

[ព័ត៌មាន] Facebook, Google និង ក្រុមហ៊ុននៅ Silicon Valley ដទៃទៀត ជ្រោមជ្រែង Samsung នៅក្នុង ជំលោះប៉ាតង់ ជាមួយ Apple

apple_samsung_patent caseFacebook, Google និង ក្រុមហ៊ុននៅ Silicon Valley ដទៃទៀត កាលពីពេលថ្មីៗនេះ បានចេញមុខ ជួយជ្រោមជ្រែង ក្រុមហ៊ុន Samsung នៅក្នុង ជំលោះប៉ាតង់ ជាមួយ Apple ដោយពួកគេ បានចេញមុខ បកស្រាយថា ការដែល តុលាការ បញ្ជារអោយ Samsung ផ្តល់ប្រាក់ចំណូល ពីផលិតផល ដែលល្មើសប៉ាតង់កម្មសិទ្ធបញ្ញា នឹងនាំទៅដល់ ការរាំងស្ទះ គំនិតច្នៃប្រឌីត បច្ចេកវិទ្យា។

ពួកគេថា ការសំរេចបែបនេះ នឹងធ្វើអោយ មានផលប៉ះពាល់ ដល់ ក្រុមហ៊ុនបច្ចេកវិទ្យា ដែលចំណាយលុយ រាប់ពាន់លាន ជារៀងរាល់ឆ្នាំ ទៅលើ ការស្រាវជ្រាវ និងអភិវឌ្ឍ។ ពួកគេ លើកឡើងថា បច្ចេកវិទ្យា ដូចជា ស្មាតហ្វូន មានគ្រឿងបន្លាស់ រាប់សិបមុខ នៅក្នុងនោះ ដែលរួមបញ្ចូលទាំង ផ្នែករឹង និងផ្នែកទន់ ហើយវា ពិបាកណាស់ ក្នុងការវាយតំលៃថា តើគ្រឿងបន្លាស់ណាមួយ រួមចំណែក ផ្តល់ប្រាក់ចំណេញ ប៉ុន្មានភាគរយ។ ការដែល បញ្ជារអោយ ក្រុមហ៊ុនដូចជា Samsung ដែលល្មើសប៉ាតង់កម្មសិទ្ធបញ្ញា គ្រឿងបន្លាស់មួយចំនួន របស់ Apple ត្រូវផ្តល់នូវការបែងចែក ប្រាក់ចំណូលពី ការលក់ផលិតផលល្មើសទាំងនោះ គឺជា រឿងស្មុគស្មាញ និងអាចធ្វើអោយ រាំងស្ទះ គំនិតច្នៃប្រឌីត បច្ចេកវិទ្យា។

ក្រោយពេល ក្រុមហ៊ុនទាំងអស់នេះ ផ្តល់ការយល់ឃើញនេះ ទៅតុលាការ ក្រុមហ៊ុន Apple បានធ្វើការ ឆ្លើយតបវិញថា ការយល់ឃើញបែបនេះ គួរតែបំភ្លេចចោល។ Apple បានចោទប្រកាន់ទៅកាន់ Google ចំៗថា Google មានផលប្រយោជន៍ធំ នៅក្នុង បណ្តឹងប្តឹងផ្តល់នេះ ព្រោះខ្លួន ជាម្ចាស់របស់ ប្រព័ន្ធប្រតិបត្តិការណ៍ Android ដែលត្រូវបាន ប្រើប្រាស់ ដោយ Samsung។ ដូចនេះ ការផ្តល់យោបល់របស់ Google មិនគួរ ត្រូវបាន គិតគូរពិចារណា ដោយតុលាការនោះទេ។

គួររំលឹកថា កាលពីពាក់កណ្តាលខែ មិថុនា ក្រុមហ៊ុន Samsung បានស្នើសុំតុលាការ អោយគិតគូរឡើងវិញ ពីចំនួន ប្រាក់សំណង $548 លានដុល្លារ ដែល ត្រូវប្រគល់ជូន ដើមបណ្តឹង Apple។ Samsung ថែមទាំងបាន ស្នើអោយ ប្រើតុលាការ 12 នាក់ ជំនួសអោយ ការប្រើ តុលាការ ចំនួន 3 រូប ដើម្បីកាត់ក្តី៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook