ចុះថ្ងៃទី: December 19th, 2012

ជំលោះរវាង ក្រុមហ៊ុន Apple និង Samsung នៅមិនទាន់ចប់ទេ ហើយកំពុងស្ថិតក្នុង បណ្តឹងឧទ្ទរ ដោយ Apple បានស្នើរសុំ ហាមឃាត់ការលក់ ផលិតផល Samsung ដែលបានរកឃើញថា ល្មើសប៉ាតង់ Apple ខណៈដែល Samsung បានស្នើរអោយ ច្រានចោល ការវិនិច្ឆ័យ កន្លងទៅ ដោយសំអាងថា ប្រធាន គណៈវិនិច្ឆ័យ លោក Hogan មានភាពលំអៀង ទៅលើ Apple ដោយសំអាងថា ក្រុមហ៊ុន Seagate ដែល Samsung មានភាគហ៊ុននៅក្នុងនោះ ធ្លាប់ បានប្តឹង លោក Hogan អោយក្ស័យធន កាលពី 20 ឆ្នាំមុន។
ឥឡូវនេះ លោកស្រីតុលាការ Lucy Koh បានសំរេច ច្រានចោល ការស្នើរសុំហាមឃាត់ ការលក់ ផលិតផល Samsung របស់ Apple ដោយសំអាង លើការសំរេចរបស់ តុលាការឧទ្ទររបស់សហព័ន្ធ កាលពីខែ តុលា ដែលក្រឡាប់សេចក្តីសំរេច ការហាមឃាត់ ការលក់ Samsung Galaxy Nexus ព្រោះ Apple មិនបានបង្ហាញ ភស្តុតាង គ្រប់គ្រាន់ ថា ប៉ាតង់របស់ខ្លួន ធ្វើអោយមាន តំរូវការការទិញ iPhone។ អ្នកស្រីតុលាការ បានបន្តថា ស្មាតហ្វូន (Samsung) ដែលបានរកឃើញថា ល្មើសប៉ាតង់ គឺជា ចំនួនប៉ាតង់ តិចតួចមួយ របស់ Apple ដូចនេះ គេមិនអាច ហាមឃាត់ ការលក់ផលិតផលទាំងមូល ដោយសារតែ វាបានល្មើសនឹង ប៉ាតង់មួយចំនួនតូចនោះទេ។ ក្រុមហ៊ុន Samsung បានចេញសេចក្តីថ្លែងការណ៍ អបអរសាទរ ចំពោះការសំរេចនេះ ហើយបាននិយាយថា ការសំរេចនេះ បានរារាំង Apple មិនអោយ កំហិតជំរើសផលិតផល សំរាប់អតិថិជន និង បិទការប្រកួតប្រជែង ដ៏យុត្តិធម៌មួយ នៅលើទីផ្សារ។

ចំណែក ការស្នើររបស់ ក្រុមហ៊ុន Samsung វិញ ក៏ត្រូវបាន ច្រានចោល ដោយលោកស្រីតុលាការ Lucy Koh ដែរ ដោយលោកស្រី បានលើកឡើងថា មុននឹង បើកការកាត់ក្តី Samsung ត្រូវបានគេ ផ្តល់ឪកាស អោយសិក្សាស្វែងយល់អំពី គណៈវិនិច្ឆ័យ តែខ្លួន ខកខាន នឹងរកឃើញថា ប្រធានក្រុមគណៈវិនិច្ឆ័យ លោក Hogan មានភាពលំអៀង។
វិុបសាយ Foss Patents បាននិយាយថា ការសំរេចក្តីថ្មីនេះ គឺជា រឿងមិនធ្លាប់មាន នៅសហរដ្ឋអាមេរិក ដែល តុលាការ មិនព្រមចេញ បំរាមហាមឃាត់ ការលក់ផលិតផល បើទោះជា គណៈវិនិច្ឆ័យបានរកឃើញថា ផលិតផលទាំងនោះ បានល្មើសប៉ាតង់ មួយចំនួន ក៏ដោយ។ ការសំរេចក្តី អោយ Samsung បង់ 1 ពាន់លានដុល្លារ ជាសំណងដល់ Apple កាលពីខែ សីហា កន្លងទៅនេះ ហាក់មិនមានតំលៃអ្វីសោះ សំរាប់ ក្រុមហ៊ុនដែលមានលុយ រាប់ពាន់លាន ដូច Apple និង Samsung ព្រោះ ការសំរេច ហាមឃាត់ការលក់ គឺមាន ឥទ្ធិពល ខ្លាំងជាង ការសងជា សំណង៕
ប្រភព: Foss Patents
ចូលរួមមតិតាមរយៈ Facebook