ចុះថ្ងៃទី: December 19th, 2012
កាលពីម្សិលមិញ ក្រុមហ៊ុន Instagram ដែលឥឡូវជាផ្នែកមួយនៃ Facebook បានធ្វើការ ផ្លាស់ប្តូរ លក្ខខណ្ឌ នៃការប្រើប្រាស់សេវាកម្ម (Terms of Service) ដោយ អនុញ្ញាតិ អោយក្រុមហ៊ុនមួយនេះ អាចយក រូបភាពរបស់អ្នកប្រើប្រាស់ ទៅធ្វើការផ្សាយពាណីជ្ជម្ម ដោយមិនមាន ការអនុញ្ញាតិពីពួកគេ។ ក្រោយផ្លាស់ប្តូរភ្លាម មានក្រសែ មិនពេញចិត្តជាច្រើន ចេញពី អ្នកប្រើប្រាស់ Instagram ទាក់ទងនឹង ភាពជាឯកជនផ្ទាល់ខ្លួន ហើយពិសេស អ្នកប្រើប្រាស់ ដែលមាន អាជីព ទាក់ទងនឹង ការថតរូប ដែលមិនទទួលបាន កំរៃអ្វីសោះ ពីលក្ខខណ្ឌ នៃការប្រើប្រាស់ សេវាកម្មថ្មីនេះ។
ពួកគេ យល់ថា Instagram គិតចង់ យករូបភាពរបស់ពួកគេ ហើយកេងចំណេញ ដោយមិនបង់អ្វីមួយដុល្លារ ដល់ពួកគេ ហើយទង្វើនេះ អាចនឹង នាំទៅដល់ការ ឈប់ប្រើប្រាស់សេវាកម្មចែករំលែករូបភាពមួយនេះ ក៏ថាបាន។ ថ្ងៃនេះ សហស្ថាបនិក Instagram លោក Kevin Systom បានចេញមក ប្រតិកម្មតប ចំពោះមតិមិនពេញចិត្តទាំងនោះ ដោយនិយាយថា Instagram មិនមាន គោលបំណង នឹងលក់រូបភាព របស់អ្នកប្រើប្រាស់នោះទេ ហើយពួកគេ នឹងកែតំរូវ លក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្ម អោយវា កាន់តែមានភាព ច្បាស់លាស់ជាងនេះ។ គួររំលឹកថា Instagram គឺជាសេវាបណ្តាញទំនាក់ទំនងសង្គម ផ្នែកចែករំលែករូបភាព ដ៏ពេញនិយម ពិសេសក្នុងស្រទាប់ តារា និងអ្នកចំរៀង ហើយជា សេវាកម្មមួយ ដែលឥតគិតថ្លៃ និងមិនមាន ការផ្សាយពាណីជ្ជកម្ម រហូតដល់ការទិញយកដោយ Facebook ក្នុងតំលៃ 1 ពាន់លានដុល្លារ។ ក្រោយមក ក្រុមហ៊ុន Facebook បានចេញមក បង្ហើប កាលពីពេលថ្មីៗនេះថា ខ្លួននឹង ទាញយកប្រាក់ចំណេញពី Instagram តាមរយៈការផ្សាយពាណីជ្ជកម្ម៕
ប្រភព: Instagram
ចូលរួមមតិតាមរយៈ Facebook