ចុះថ្ងៃទី: December 14th, 2012
ក្រោយដាក់អោយដោនឡូដ មិនទាន់បាន ប៉ុន្មានម៉ោងផង កម្មវិធីផែនទី Google Maps បានឈរតារាងទីមួយ ទៅហើយ សំរាប់កម្មវិធី ឥតគិតថ្លៃ ដែលត្រូវបានគេ ដោនឡូដ ច្រើនបំផុត ព្រមទាំងទទួលបាន ការដាក់ពិន្ទុ 4.5/5 ជាង 1,026 មតិពី អ្នកផ្តល់យោបល់ សំរាប់ហាងទំនិញ នៅឯ អង់គ្លេស ទៀតផង។ កម្មវិធីផែនទីថ្មីនេះ មានមុខងារនាំផ្លូវ ដោយប្រើសម្លេង ដែល Apple ធ្លាប់ស្នើរ Google អោយបញ្ចូល នៅលើ Apple Maps កាលជំនាន់ iOS 5 តែ Google បដិសេធ ហើយទីបំផុត Apple បានសំរេចទំលាក់ផែនទី Google ហើយងាកមកប្រើ ផែនទីផ្ទាល់ខ្លួនវិញ នៅលើ ប្រព័ន្ធ iOS 6។ ឥឡូវ យើងអាចនិយាយបានថា Apple ទីបំផុត ទទួលបាននូវអ្វី ដែលខ្លួន ចង់បានហើយ បើទោះជា កម្មវិធីនេះ ជារបស់ Google ក្តី។

បើតាម អ្នកនិពន្ធ David Pogue របស់ New York Times បានកត់សំគាល់ថា កម្មវិធីផែនទី Google Maps សំរាប់ iPhone នេះ គឺវា ល្អជាង កម្មវិធីដដែលនេះ ដែល Google ធ្វើអោយ Android ទៀត ជាមួយនឹង រូបរាងអីុនធើហ្វេស ស្អាត សាមញ្ញ ហើយវេញជាធ្លុងមួយ ហើយសូម្បីតែ ក្រុមហ៊ុន Google ក៏សារភាពដោយខ្លួនឯងថា វាល្អជាង កម្មវិធី Google Maps សំរាប់ស្មាតហ្វូន Android ទៀត។ Google បានអោយដឹងថា ខ្លួន នឹងនាំយក មុខងារ បង្ហាញរូបភាពក្នុងអាគារ, ផែនទីដោយមិនបាច់ប្រើអីុនធើណែត បំពាក់លើកម្មវិធីនេះ ហើយនិងបង្កើត កម្មវិធី Google Maps ដាច់ដោយឡែក សំរាប់ iPad៕
ប្រភព: NYT
ចូលរួមមតិតាមរយៈ Facebook