ចុះថ្ងៃទី: September 6th, 2012
ក្រុម Hacker ដ៏ល្បីឈ្មោះ AntiSec កាលពីពេលថ្មីៗនេះ បាននិយាយថា ក្រុមខ្លួន បានលួច និងបង្ហោះ ទិន្នន័យ Apple UDID (Unique Device Identifiers) ជាង 12 លាន ID ពី ភ្ញាក់ងារពិសេសឈ្មោះ Christopher K. Stangl របស់ FBI ផ្នែកប្រឆាំងបទល្មើសអ៊ីនធើណែត ប្រចាំតំបន់។ ក្រៅពី UDID ហើយ ក្រុមនេះ ក៏រកបាន ទិន្នន័យ ផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ផងដែរ ដូចជា ឈ្មោះអ្នកប្រើ, ប្រភេទឧបករណ៍, កូនសោរដាស់តឿន, លេខទូរស័ព្ទ ព្រមទាំងអសយដ្ឋាន តែមានព័ត៌មានខ្លះ មិនបានពេញលេញនោះទេ។
គួររំលឹកថា UDID ត្រូវបាន Apple យកមកប្រើ លើឧបករណ៍ iDevice ដូចជា iPhone, iPod Touch និង iPad ហើយវា មានតួនាទី ប្រៀបដូចជា អត្តសញ្ញាណបណ្ណ័ សំគាល់អ្នកប្រើប្រាស់ ដូច្នោះដែរ ព្រោះវា មានព័ត៌មាន ទាក់ទងនឹងប្រភេទផលិតផលដែល អ្នកប្រើ កំពុងប្រើ និងព័ត៌មានផ្ទាល់ខ្លួន របស់ពួកគេ។ ចំណែក អភិវឌ្ឍកម្មវិធី iOS ច្រើនចាប់យកលេខ UDID ពីអ្នកប្រើកម្មវិធី ឬហ្គេម របស់ខ្លួន ដើម្បីសំគាល់ អ្នកប្រើប្រាស់ និងទំលាប់របស់ពួកគេ។
ក្រុម AntiSec បានអះអាងថា ខ្លួនធ្វើនេះ ព្រោះចង់បង្ហាញថា FBI កំពុងតាមដាន យ៉ាងសំងាត់ ទៅលើប្រជាពលរដ្ឋ។ ក្រុមហ៊ុន Apple បានចេញ សេចក្តីថ្លែងការណ៍ ថា ខ្លួន មិនបាន ផ្តល់អោយ FBI នូវលេខ UDID នោះទេ ខណ:ដែល FBI បាននិយាយថា ការអះអាងរបស់ AntiSec គឺជា រឿងកុហក។
Apple មានគំរោងនឹង ឈប់ប្រើ UDID ហើយបាន ជំរុញ អ្នកអភិវឌ្ឍងាកមកប្រើ API ថ្មីឈ្មោះ CFUDID (Core Foundation Universally Unique Identifier) នៅក្នុងប្រព័ន្ធ iOS 6 វិញ៕
ប្រភព: AllThingsD
ចូលរួមមតិតាមរយៈ Facebook