ចុះថ្ងៃទី: July 5th, 2012
មាន គេរកឃើញ កំហុស ជាច្រើន ទាក់ទងនឹង ដំណើរការពិនិត្យមើល កម្មវិធីប្រព័ន្ធ iOS ឬហៅខ្លីថា App នៅលើ App Store របស់ Apple។ ជួនកាល App ល្អ តែត្រូវបាន គេ បដិសេធ មិនទទួល… ជួនកាល App មិនល្អ ដូចជា ឈ្មោះផ្សេង តែរបៀបប្រើផ្សេង ឬក៏ App ដែលលួចប្រើ ផ្លាកសញ្ញា ពាណីជ្ជកម្ម របស់ ក្រុមហ៊ុន ដទៃ បែរ ជា អាចរួចខ្លួន ហើយ អនុញ្ញាតិ អោយ ដាក់ដោនឡូដ និងលក់ លើ App Store ទៅវិញ។ ថ្ងៃនេះ មានការបង្ហាញ ពន្លឺខ្លះៗ ទាក់ទង នឹង ដំណើរការងារ ពិនិត្យមើល App ដោយ អតីតបុគ្គលិកម្នាក់ របស់ Apple ឈ្មោះ Mike Lee ក្នុងកិច្ចសម្ភាសមួយ ជាមួយ Business Insider។
Mike បានអោយដឹងថា មនុស្សភាគច្រើន ប្រហែលជា យល់ថា មានមនុស្ស ជាង 100 នាក់ ធ្វើការ នៅ ឥណ្ឌាហើយ ដើម្បីពិនិត្យ មើល App ប៉ុន្តែ តាមការពិត គឺបុគ្គលិក មួយចំនួនតូច ដែលធ្វើការ នៅ Apple នោះទេ។ Mike បានបន្តថា Apple មិនចង់ ជួលមនុស្សច្រើន ដែលមិនសូវមានសមត្ថភាព មកធ្វើការងារនេះ នោះទេ ដូចនេះហើយ ទើប គេ ពឹងផ្អែក លើបុគ្គលិក ដែលចេះដឹង មួយចំនួនតូច អោយធ្វើការនេះ។ វា ជាបញ្ហាដ៏លំបាកមួយ ក្នុងការ ច្រាញ់យក App ដែលល្អ ចេញពី បណ្តា App ទាំងឡាយ ដែលគេ ដាក់ចូលមក អោយពិនិត្យ។ មានមនុស្ស ត្រូវអង្គុយ តេស្តមើលថា តើ App នេះ ល្អ ឬមិនល្អ [គុណភាព, កម្មសិទ្ធិបញ្ញា, ការគោរពតាមច្បាប់ទំលាប់របស់ Apple ឬ Bug ]។ ពួកគេ [Apple] ត្រូវការ មនុស្សពិតប្រាកដ ដែលឆ្លាត មានការសិក្សា និងមានការហ្វឹកហ្វាត់ បានល្អ មកធ្វើការពិនិត្យនេះ។ ដូចនេះហើយ ទើបពួកគេ ប្រើបុគ្គលិក ដែលពួកគេ មានស្រាប់។

Apple ត្រូវបានគេ មើលឃើញថា មានជំហរច្បាស់លាស់ ទាក់ទងនឹងច្បាប់ទំលាប់ App នៅលើ App Store ដូចជា មិនអនុញ្ញាតិ អោយមាន App ដែលទាក់ទង នឹងរឿងអាសអាភាស នៅលើ App Store ជាដើម ហើយភាគច្រើន App របស់ App Store ត្រូវបាន គេមើលឃើញថា មានគុណភាព ជាង App នៅលើ Android Play Store (Android Market) ដែល ការស្នើរដាក់បញ្ចូល App មិនមាន មនុស្សពិនិត្យ ដូចករណីរបស់ App Store នោះទេ។ តែទោះជា យ៉ាងណា គេនៅឃើញមាន ការរបូត App មិនល្អ ចូលទៅក្នុង App Store ខ្លះៗដែរ ដែលនេះ បង្ហាញយ៉ាងច្បាស់ នូវកង្វះខាត កំលាំង ក្នុងដំណើរការត្រួតពិនិត្យ App របស់ Apple៕
ប្រភព: Business Insider
ចូលរួមមតិតាមរយៈ Facebook