Search

[ព័ត៌មាន] សន្ទរកថា ដ៏រំជួលចិត្តមួយ របស់ Mona Simpson អំពី Steve Jobs

Steve Jobs Mona Simpsonប្អូនស្រីបង្កើតរបស់ Steve Jobs នាង Mona Simpson បានឡើងថ្លែងនូវ សន្ទរកថា ដ៏រំជួលចិត្តមួយ នាពិធីបុណ្យសព្វរបស់បងប្រុសខ្លូន។ នាងគឺជា អ្នកនិពន្ធប្រលោមលោក ដ៏មានឈ្មោះម្នាក់ ហើយខ្លឹមសារនៃ សន្ទរកថានេះ បានផ្តល់នូវ ពន្លឺខ្លះៗ ទាក់ទងនឹង Steve, ជំងឺរបស់គាត់ និងការស្លាប់របស់គាត់។ នាងបាននិយាយថា នាដង្ហើមចុងក្រោយ Steve បាននិយាយថា “Oh wow. Oh wow. Oh wow”។ ខាងក្រោមនេះ គឺជាពាក្យពេជ្ររបស់សន្ទរកថា [ដ៏វែង តែប្រកបដោយអត្ថន័យ] ដែលដកស្រង់ពី The New York Times ហើយយើងសូមធ្វើការប្រែសម្រួលដូចតទៅ:
 

ជីវិតនាង Mona Simpson

ខ្ញុំត្រូវបីបាច់ធំដឹងក្តីឡើង ដោយម្តាយរបស់ខ្ញុំ។ ដោយសារតែយើង ក្រ ហើយដោយសារតែខ្ញុំ ដឹងថា ឪពុករបស់ខ្ញុំ បានធ្វើអន្តប្រវេសពី Syria ខ្ញុំតែស្រមៃថា គាត់នឹងមានមុខម៉ាត់ដូច Omar Sharif។ ខ្ញុំតែងសង្ឃឹមថា គាត់ជាអ្នកមាន ហើយចិត្តល្អ ហើយថ្ងៃណាមួយ នឹងចូលមកជីវិតរបស់ពួកយើង (និងផ្ទះដែលមិនទាន់តុបតែងរួចរបស់យើង) ព្រមទាំងជួយពួកយើង។ ក្រោយមក ក្រោយពីបានជួបគាត់ ខ្ញុំព្យាយាមប្រាប់ខ្លួនឯងថា គាត់ប្រហែលជា បានផ្លាស់ប្តូរលេខទូរស័ព្ទ ឬក៏ផ្លាស់ប្តូរ ទៅអាសយដ្ឋានថ្មី ពីព្រោះ គាត់គឺជា អ្នកបដិវត្តដ៏គំរូរម្នាក់ ដែលចង់បង្កើតពិភពលោកថ្មី សំរាប់ជនជាតិ អារ៉ាប់។
បើទោះជា ខ្ញុំជាអ្នកប្រកាន់ជំហរស្ត្រី [ត្រូវមានសិទ្ធស្មើបុរស] តែមួយជីវិតរបស់ខ្ញុំ ខ្ញុំតែងតែរង់ចាំបុរសម្នាក់ ដើម្បីស្រឡាញ់ ហើយដែលនឹងមក ស្រឡាញ់ខ្ញុំ។ អស់ជាច្រើនទសវត្ស ខ្ញុំតែងតែគិតថា បុរសម្នាក់នោះ គឺជាឪពុករបស់ខ្ញុំ។ នៅពេលខ្ញុំ មានអាយុ 25 ឆ្នាំ ខ្ញុំបានជួបបុរសម្នាក់នោះហើយ ហើយគាត់គឺជា បងប្ប្រុសរបស់ខ្ញុំ [Steve Jobs] ទៅវិញ។

នៅពេលនោះ ខ្ញុំបានរស់នៅ ទីក្រុង ញ៉ូយ៉ក ជាទីដែលខ្ញុំ កំពុងព្យាយាមសរសេរ ប្រលោមលោកដំបូងរបស់ខ្ញុំ។ ខ្ញុំមានការងារមួយនៅ ក្រុមហ៊ុនទស្សនាវដ្តី ដ៏តូចមួយ ដែលមានការិយាល័យទំហំ ប៉ិនទូរខោអាវ និងមានអ្នកនិពន្ធ 3 នាក់ធ្វើការនៅទីនោះ។ មានថ្ងៃមួយ មានមេធាវីម្នាក់ បានទូរស័ព្ទមករកខ្ញុំ (ដែលជានារីក្មេងម្នាក់ មកពី កាលីហ្វ័រនីញ៉ា ហើយតែងតែ ទាញទារថៅកែ អោយទិញ ធានារ៉ាប់រង សុខភាពអោយពួកយើង)។ គាត់បានប្រាប់ខ្ញុំថា អតិថិជនរបស់គាត់ ជាអ្នកមានម្នាក់ ហើយជាមនុស្សល្បីឈ្មោះ ហើយគាត់ គឺជាបងប្រុស ដែលបែកគ្នាជាយូរមកហើយរបស់ខ្ញុំ។ វាបានធ្វើអោយ អ្នកនិពន្ធ ស្រីក្មេងម្នាក់នេះ អរ នៅមិនសុខ។ វាបានកើតឡើងក្នុងឆ្នាំ 1985 ហើយយើង កំពុងធ្វើការនៅក្នុង ទស្សនាដ្តី អក្សរសាស្រ្ត ដ៏ល្បីមួយ ហើយខ្ញុំ បានលង់នឹងប្រលោមលោក របស់អ្នកនិពន្ធ Dickens។ មេធាវីនោះ បានបដិសេធ មិនប្រាប់ឈ្មោះ បងប្រុសរបស់ខ្ញុំ ហើយមិត្តរួមការងាររបស់ខ្ញុំ បានភ្នាល់គ្នា ទាយឈ្មោះរបស់គាត់។ អ្នកដែលពួកគេ គិតដល់ គឺតួឯកកុន John Travolta។ ខ្ញុំបានសង្ឃឹម ស្ងាត់ៗក្នុងចិត្តថា គាត់ នឹងជាអ្នកជំនាន់ក្រោយរបស់អ្នកអក្សរសាស្រ្ត Henry James ហើយនឹងជាមនុស្សម្នាក់ មានទេពកោសល្យជាងខ្ញុំ និងជាមនុស្សដែលវ័យឆ្លាតជាងខ្ញុំ ដោយមិនចាំបាច់ខំប្រឹង។

ការជួបគ្នាដំបូង

នៅពេលដែលខ្ញុំ បានជួប Steve គាត់គឺជា បុរសម្នាក់ដែលមានអាយុស្របាលនឹងខ្ញុំ ហើយពាក់ខោ ខៅប៊យ មានរូបរាង ជាជនជាតិ អារ៉ាប់ ឬ ជ្វីប ហើយសង្ហារជាង Omar Sharif ទៅទៀត។
យើង បានដើរ យ៉ាងយូរ ដែលនេះ គឺជាអ្វីដែលពួកយើង ទាំងពីរ ចូលចិត្តធ្វើ។ ខ្ញុំមិនបានចាំច្រើន ទាក់ទងនឹងអ្វីដែល ពួកយើង បាននិយាយគ្នានោះទេ គ្រាន់តែដឹងថា គាត់ធ្វើអោយខ្ញុំ​ មានអារម្មណ៍ថា គាត់គឺជា មនុស្សម្នាក់ ដែលខ្ញុំនឹង ជ្រើសរើសរាប់អាន ជាមិត្ត។ គាត់បានពន្យល់ថា គាត់ធ្វើការ ក្នុងវិស័យកុំព្យូទ័រ។
ខ្ញុំ មិនសូវដឹងច្រើនទេ ទាក់ទងនឹងកុំព្យូទ័រ ហើយខ្ញុំ ចេះតែប្រើ ម៉ាស៊ីនអង្គុលីលេខ Olivetti។
ខ្ញុំ ប្រាប់ Steve ថា ខ្ញុំគិតចង់ទិញ ម៉ាស៊ីនកុំព្យូទ័រមួយគ្រឿងម៉ាក Cromemco។
Steve បានប្រាប់ខ្ញុំថា វានឹជារឿងល្អ បើសិនខ្ញុំ អាចពន្យាពេលទិញសិន ព្រោះគាត់ កំពុងផលិត អ្វីមួយ ដែលនឹងស្អាត អស្ចារ្យ។

ខ្ញុំចង់ប្រាប់អ្នក អំពីរឿងមួយចំនួន ទាក់ទងនឹង Steve ក្នុងដំណាក់ 3 អំឡុងពេល 27 ឆ្នាំ ដែលខ្ញុំ ស្គាល់គាត់។ វាមិនមែន ដំណាក់កាលដែលទាក់ទងនឹងឆ្នាំទេ តែគឺជាដំណាក់កាល ទាក់ទងនឹងស្ថានភាពរបស់គាត់: មួយជីវិតរបស់គាត់, ជំងឺរបស់គាត់ និងការស្លាប់របស់គាត់។
 
Steve and his family

ជីវិតរបស់ Steve

Steve ចូលចិត្តធ្វើការងារដែល គាត់ស្រឡាញ់។ គាត់ព្យាយាមធ្វើការណាស់… ជារៀងរាល់ថ្ងៃ។ វាជារឿងមួយសាមញ្ញណាស់ តែជាការពិត។
គាត់ជាមនុស្សផ្ទុយពី មនុស្សដែលឆាប់ភ្លេចភ្លាំង។
គាត់មិនដែលខ្មាស់អៀន អំពីការខិតខំធ្វើការរបស់គាត់ទេ បើទោះជា លទ្ធផលទទួលបាន បរាជ័យក៏ដោយ។ បើសិនជា មនុស្សដែលឆ្លាតដូច Steve មិនខ្មាស់ផង ក្នុងការសាកល្បងបរាជ័យ ប្រហែលជា ខ្ញុំ ក៏មិនត្រូវខ្មាស់ដែរ។
Steve Jobs at Nextនៅពេល ដែលគេ ទាត់គាត់ចេញពី Apple វាជារឿងឈឺចាប់បំផុត។ គាត់បានប្រាប់ខ្ញុំ អំពី​​ ពិធីបរិភោគអាហារពេលល្ងាចមួយ ដែលមាន អ្នកដឹកនាំជាង 500 នាក់ល្បីៗនៅ Silicon Valley ជួបជុំគ្នា តែគាត់មិនត្រូវបានគេ អញ្ជើញនោះទេ។ គាត់ មានការឈឺចាប់ណាស់ តែគាត់នៅតែ ទៅធ្វើការនៅឯក្រុមហ៊ុនថ្មី Next របស់គាត់ ជារៀងរាល់ថ្ងៃ… មិនដែលអាក់ខាន មួយថ្ងៃណាឡើ់យ។ កំណាព្យកាព្យឃ្លោង មិនមែនជា អ្វីដែល Steve អោយតំលៃខ្ពស់នោះទេ តែគឺ ភាពស្អាត ឯណោះទេ។
ជាអ្នកច្នៃប្រឌីតម្នាក់ Steve គឺជាអ្នកដ៏ស្មោះស្ម័គម្នាក់ [នឹងផលិតផល]។ បើសិន គាត់ចូលចិត្តអាវមួយ គាត់នឹង កម្ម៉ង់វា 10 ឬ 100។ នៅផ្ទះឯ Palo Alto របស់គាត់ គាត់មានអាវ កមូលពណ៌ខ្មៅ ច្រើនណាស់ ល្មមអាចអោយ មនុស្សពេញមួយព្រះវិហារពាក់បាន។
គាត់ មិនចូលចិត្តពាក្យឃោសនាម៉ាឃែតធីង បោកប្រាស់ នោះទេ។ គាត់ចូលចិត្ត មនុស្សដែលមាន អាយុស្របាលនឹងគាត់។
ទស្សនៈវិទ្យារបស់គាត់ ទាក់ទងនឹងសិល្បៈ ធ្វើអោយ ខ្ញុំនឹងឃើញដល់ ពាក្យមួយឃ្លា: ហ្វាស់សិន ឬការនិយមស្លៀកពាក់ (Fashion) គឺជាអ្វីដែលមើលទៅស្អាត នាពេលឥឡូវ តែអាក្រក់នៅពេលក្រោយ… ចំពោះសិល្បៈវិញ វាអាចមើលទៅ មិនស្អាតនាពេល ឥឡូវ តែវានឹង ទៅជាស្អាត នាពេលក្រោយ”។
Steve តែងតែ ចង់បង្កើតរបស់អ្វីដែលស្អាត។
គាត់ ទទួលបាន នៅពេល ដែលគេ យល់ច្រឡំពីគាត់។
បើទោះជាគេ មិនអញ្ជើញគាត់ ចូលរួមក្នុង ពិធីបរិភោគអាហារពេលល្ងាចនោះក៏ដោយ គាត់បានបើកឡាន កីឡាពណ៌ខ្មៅរបស់គាត់ ទៅក្រុមហ៊ុន Next ជាទីដែល គាត់ និងក្រុមការងាររបស់គាត់ បង្កើតប្រព័ន្ធមួយ ដែលក្រោយមក Tim Berners-Lee បានប្រើ ក្នុងការបង្កើត World Wide Web ឬប្រព័ន្ធអ៊ីនធើណែត នាពេលបច្ចុប្បន្ន។

Steve ប្រៀបដូចនឹងក្មេងស្រី នៅពេលដែលគាត់ និយាយអំពី ស្នេហា។ ស្នេហាគឺជាគុណធម៌របស់គាត់… ជាព្រះនៃព្រះរបស់គាត់។ គាត់ តាមដាន និងបារម្ភអំពី ទំនាក់ទំនងស្នេហារបស់មនុស្ស ធ្វើការជាមួយគាត់។ នៅពេលដែលគាត់ បានជួបបុរសម្នាក់ ដែលគាត់គិតថា នារីនឹងចាប់ចិត្តទៅលើ គាត់បាននិយាយទៅបុរសនោះថា “តើអ្នកនៅលីវមែនទេ? តើអ្នក ចង់ទៅញ៉ាំបាយ ជាមួយប្អូនស្រីខ្ញុំទេ?”។
ខ្ញុំ ចាំបានថា ថ្ងៃមួយ គាត់បានទូរស័ព្ទមកខ្ញុំ នៅពេលដែលគាត់ បានជួប Laurene [ប្រពន្ធរបស់ Jobs]។ គាត់បាននិយាយថា “មាននារីម្នាក់ ស្អាតហើយ នាងឆ្លាតវ័យទៀតផង។ នាងមានឆ្កែមួយ ហើយខ្ញុំ នឹងរៀបការជាមួយនាង”។
នៅពេល Reed បានកើតមក គាត់តែងតែលើក សរសើរមិនដាច់ពីមាត់។ គាត់ គឺជាឪពុកកីឡាម្នាក់ សំរាប់កូនគ្រប់គ្នា។ គាត់តែងតែ បារម្ភអំពី កូនៗរបស់គាត់ដូចជា ពេល Lisa​ [កូនជាមួយសង្សារចាស់របស់គាត់] មានមិត្តប្រុស, ការធ្វើដំណើររបស់ Erin និងប្រវែងកំប្រូងរបស់នាង និងសុវត្ថិភាពរបស់ Eve នៅពេលនាងនៅជិត សេះជាទីស្រឡាញ់របស់នាង។
គ្មានអ្នកណាម្នាក់ដែលបានចូលរួម ពិធីជប់លៀងបញ្ចប់ការសិក្សារបស់ Reed នឹងភ្លេចនូវ អនុស្សាវរីយ នៅពេលដែល Reed និង Jobs រាំស៊្លូ ជាមួយគ្នានោះទេ។
ស្នេហាដែលគាត់ មានចំពោះ Laurene ធ្វើអោយគាត់ បានបន្តជីវិតរបស់គាត់។ គាត់ជឿថា ស្នេហា អាចកើតមានឡើងគ្រប់ពេល គ្រប់ទីកន្លែង។ សំខាន់ជាងនេះទៅទៀត Steve មិនដែលមានចរិត ចំអក, គិតថាមនុស្សគ្រប់រូបអាត្មានិយម ឬមានគំនិតទុតិដ្ឋិនិយមនោះទេ។ ខ្ញុំព្យាយាម រៀនវាពី Jobs។
Steve បានទទួលភាពជោគជ័យ តាំងពីគាត់នៅក្មេង ហើយគាត់យល់ថា ស្ថានភាពនេះ បានធ្វើអោយគាត់នៅ ឆ្ងាយពីអ្នកដទៃ។ ការសំរេចចិត្តទាំងឡាយ តាំងពីពេលដែលខ្ញុំ បានស្គាល់គាត់ គឺធ្វើឡើង ដើម្បីរំលាយជញ្ជាំងដែលនៅជុំវិញគាត់។ បុរសថ្នាក់កណ្តាលម្នាក់ពី Los Altos បានលង់ស្រឡាញ់នារីថ្នាក់កណ្តាលម្នាក់ពី New Jersey ហើយវាជា រឿងសំខាន់ណាស់សំរាប់ពួកគេ ទាំងពីរ ក្នុងការចិញ្ចឹម Lisa, Reed, Erin និង Eve អោយដូចក្មេងធម្មតា។ ផ្ទះដែលពួកគេ ស្នាក់នៅ មិនមានតុបតែង ដោយគំនូរសិល្បៈ ឬរបស់ថ្លៃៗនោះទេ។ អស់រយៈពេលជាច្រើនឆ្នាំ ដែលខ្ញុំ ស្គាល់ Steve និង Lo [Laurence] ពួកគេ រៀបចំ អាហារពេលយប់ ដ៏សាមញ្ញ នៅលើវាលស្មៅ ហើយជួលកាល មានតែបន្លែ តែមួយប្រភេទតែប៉ុណ្ណោះ ហើយភាគច្រើន គឺផ្កាស្ពៃ (Broccoli)។ នៅរដូវខ្លះ ការរៀបចំកាន់តែសាមញ្ញ ជួនកាលជា ថ្នាំដែលទើបនឹងបេះ។
បើទោះជា គាត់ជាសេដ្ឋីរាប់លាន វ័យក្មេងក៏ដោយ Steve តែងតែមកទទួលខ្ញុំ នៅឯព្រលានយន្តហោះ។ គាត់នឹងនៅឈររង់ចាំ ក្នុងសំលៀកបំពាក់ ខោខៅប៊យរបស់គាត់។
នៅពេលដែល សមាជិកគ្រួសារ តេររកគាត់នៅកន្លែងធ្វើការ លេខារបស់គាត់ Linetta លើកទូរស័ព្ទ ហើយនិយាយថា “ឪពុករបស់អ្នក កំពុងជាប់ប្រជុំ តើចង់អោយខ្ញុំ ទៅប្រាប់គាត់ទេ?”។
នៅពេល Reed ជំនះថា នឹងស្លៀកពាក់ជា មេធ្មប់ នៅពេលបុណ្យ Halloween… Steve, Laurence, Erin និង Eve នឹងធ្វើខ្លួន ជាអ្នកជំនឿលើ មន្តអាគម។​
ពួកគេ ម្តងនោះ ធ្លាប់គិតចង់ កែកុន ចង្ក្រានបាយ ហើយវាចំណាយពេលអស់រាប់ឆ្នាំ ហើយពួកគេ តែងតែចំអិនម្ហូប​ នៅហ្គារាសឡាន។ អាគារ Pixar ដែលកំពុងសាងសង់ នៅពេលដំណាលគ្នានោះតែ បែរជារួចរាល់ ដោយប្រើពេល អស់តែពាក់កណ្តាលប៉ុណ្ណោះ។ ហើយនេះ ហើយគឺជាផ្ទះរបស់ពួកគេ នៅឯ Palo Alto។ បន្ទប់ទឹក នៅចាស់ដដែល ហើយនោះហើយ គឺលក្ខណៈពិសេសរបស់វា។ វាគឺជាផ្ទះដ៏អស្ចារ្យមួយ ក្នុងការគិតរបស់ Steve។
នេះ មិនមែនមានន័យថា គាត់មិនចេះសោយសុខ នូវភាពជោគជ័យរបស់គាត់នោះទេ។ គាត់ពេញចិត្តនឹងជ័យជំនះរបស់គាត់ គ្រាន់តែ កាត់សូន្យប៉ុន្មានខ្ទង់ប៉ុណ្ណោះ។ គាត់ប្រាប់ខ្ញុំថា គាត់ចូលចិត្តទៅ ហាងកង់នៅ Palo Alto ហើយពេញចិត្ត នៅពេលដឹងថា គាត់មានលុយអាចទិញកង់ ដែលល្អបំផុតនៅទីនោះបាន។
Steve ជាមនុស្សដាក់ខ្លួន ហើយគាត់ ចូលចិត្តការសិក្សាថ្មីៗ។
មានម្តងនោះ គាត់បាននិយាយជាមួយខ្ញុំថា បើគាត់ធំដឹងក្តី នៅកន្លែងផ្សេង គាត់ប្រហែលក្លាយជា អ្នកគណិតវិទ្យាម្នាក់។ គាត់តែរំលឹក ដល់សម័យនៅមហាវិទ្យាល័យ ហើយការចូលចិត្តដើរជុំវិញ ទីលាន Stanford។ ក្នុងឆាកជីវិតចុងក្រោយរបស់គាត់ គាត់បានសិក្សាសៀវភៅមួយក្បាលអំពី ការគូររូបដោយ លោក Mark Rothko ជាសិល្បករដែលគាត់មិនធ្លាប់ស្គាល់ពីមុនមក ហើយគាត់ តែងគិតដល់ថា តើគំនូរអ្វី នៅលើជញ្ជាំង Apple Store របស់គាត់ ដែលនឹង ជំរុញទឹកចិត្តអតិថិជន?
Steve គាត់ចូលចិត្តរឿងកំប៉ិកកំប៉ុកចម្លែកៗ។ តើមាន នាយកប្រតិបត្តិ ឯណា ដែលដឹងអំពី ប្រវត្តិអំពី ផ្កាកុលាបចិន និងអង់គ្លេស ហើយមានផ្កាកុលាបពូជ David Austin?
គាត់មានរឿងភ្ញាក់ផ្អើលជាច្រើន ដែលលាក់ក្នុងហ៉ោបៅរបស់គាត់។ ខ្ញុំគិតថា Laurene នឹងរកឃើញអាថ៌កំបាំងជាច្រើន ដូចជា បទចំរៀងដែលគាត់ចូលចិត្ត, កំណាព្យដែលគាត់ កាត់វាទុកក្នុងថតតុ បើទោះជាពួកគេ បានរៀបការជិត 20 ឆ្នាំហើយក្តី។ ខ្ញុំតែង និយាយជាមួយគាត់ 2-3 ថ្ងៃម្តង ហើយនៅពេល ដែលខ្ញុំ អាន The New York Times ហើយឃើញអត្ថបទមួយ ទាក់ទងនឹង ប៉ាតង់ក្រុមហ៊ុន… ខ្ញុំនៅតែ ភ្ញាក់ផ្អើល និងពេញចិត្ត នៅពេលដែលឃើញ គំនូសព្រាងខ្មៅដៃ ពីជណ្តើរហាង Apple Store។
ជាមួយនឹងប្រពន្ធរបស់គាត់ និងកូន 4 នាក់ Steve មានរឿងរីករាយជាច្រើន។ គាត់តែងរក្សាភាពសប្យាយរីករាយ។
 
Steve lean on his wife after last keynote

ពេលធ្លាក់ខ្លួនឈឺ

ក្រោយមក Steve ធ្លាក់ខ្លួនឈឺ ហើយយើង មើលជីវិតរបស់គាត់ ត្របាញ់ចូល រង្វង់តូចមួយ។ គាត់ចូលចិត្ត ដើរនៅទីក្រុង ប៉ារីស។ គាត់បានរកឃើញហាងមី soba ធ្វើដោយដៃតូចមួយ នៅក្រុង Kyoto។ គាត់ធ្លាប់ជិះស្គី ពីលើភ្នំ បើទោះជា មិនសូវស្ទាត់ ក៏ដោយ។
ក្រោយមក បើទោះជារឿងស្រណុកធម្មតា ដូចជា ផ្លែប៉េស ដ៏ល្អមួយ ក៏មិនអាច ទាក់ចិត្តរបស់គាត់បានដែរ។ តែអ្វីដែលធ្វើអោយខ្ញុំភ្ញាក់ គឺអ្វីដែល ខ្ញុំដឹងពីជំងឺរបស់គាត់។
ខ្ញុំនៅចាំបាន បងប្រុសរបស់ខ្ញុំ ចាប់ផ្តើមរៀនដើរសារឡើងវិញ ជាមួយនឹងកៅអី។ ក្រោយពីការវះកាត់ផ្លាស់ប្តូរលំពែងរបស់គាត់ ជារៀងរាល់ថ្ងៃម្តង គាត់តែងខំក្រោកឈរ ដោយជើងដែលមើលទៅ ស្គមស្គាំង ពិបាកនឹងទ្រទម្ងន់ខ្លួនរបស់គាត់ ហើយដោយមានជំនួយពីការប្រើដៃទប់ កៅអី។ គាត់ក្រោកដើរ ហើយអង្គុយសំរាក ហើយបន្ទាប់មក ចាប់ផ្តើមម្តងទៀត។ រាល់លើក គាត់តែងតែ រាប់ជំហានដើររបស់គាត់ ហើយបង្កើនវា ជារៀងរាល់ថ្ងៃ។
Laurene លុតជង្គង់ ហើយសម្លឹងមើលភ្នែករបស់គាត់ ហើយនិយាយថា “អ្នកអាចធ្វើបាន Steve”។ ភ្នែករបស់គាត់បើកធំៗ ហើយបបូរម៉ាត់របស់គាត់ សង្កត់លើគ្នា។
គាត់ព្យាយាម ហើយគាត់តែងតែព្យាយាម ជាមួយនឹងក្តីស្រឡាញ់ ដែលជាស្នូលជំរុញទឹកចិត្ត។ គាត់ជាមនុស្សដែលមានមនោសញ្ចេតនា។
ខ្ញុំដឹងថា នៅអំឡុងពេលដ៏ពិបាកនេះ Steve គាត់មិនមែនទ្រាំឈឺចាប់ ដើម្បីខ្លួនឯងនោះទេ។ គាត់បានកំណត់ទិសដៅរួចស្រេចទៅហើយដូចជា ការបញ្ចប់ការសិក្សាវិទ្យាល័យរបស់កូនប្រុសគាត់ Reed, ដំណើរកំសាន្តនាង Erin ទៅ Kyoto, ការសម្ភោធទូកដែលគាត់ បានសាងសង់ឡើង ហើយមានគំរោងនឹង នាំគ្រួសាររបស់គាត់ ជិះជុំវិញពិភពលោក និងទីតាំងដែលគាត់ និង Laurene នឹងរស់នៅ ថ្ងៃណាមួយ ពេលពួកគាត់ ចូលនិវត្ត។
បើទោះជា ឈឺក៏ដោយ ក៏គាត់ នៅតែប្រកាន់ ទស្សនៈ និងសុភវិនិច្ឆ័យរបស់គាត់ ជានិច្ច។ គាត់ឆ្លងកាត់ គិលានុបដ្ឋាយិការ ជាង 67 នាក់ហើយ មុននឹងរកឃើញ គិលានុបដ្ឋាយិការ ដែលចិត្តល្អ ហើយគួរអោយទុកចិត្តបានគឺ Tracy, Arturo និង Elham។
មានពេលមួយ Steve បានកើតជំងឺសួត ហើយពេទ្យរបស់គាត់ បានហាមញុំា អ្វីទាំងអស់ សូម្បីតែទឹកកក។ យើងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយ Steve គាត់មិនចូលចិត្ត ជ្រៀតជួរ ឬប្រើឈ្មោះល្បីរបស់គាត់ ដើម្បីទទួលបានសិទ្ធិពិសេសឡើយ។ តែម្តងនេះ គាត់ចង់បានវា អោយពិសេសបន្តិច។
បើទោះជា ត្រូវដាក់បំពង់ខ្យល់ ហើយមិនអាចនិយាយបាន គាត់បានសុំ សៀវភៅណូតមួយ។ គាត់បាន គូសរូប ឧបករណ៍មួយ ដែលនឹងជាទំរសំរាប់ផ្ទុក iPad ក្នុងគ្រែមន្ទីរពេទ្យ។ គាត់បានរចនាម៉ូដ ម៉ាស៊ីនម៉ូនីទ័រពេទ្យ និងឧបករណ៍ X-ray។ គាត់ បានគូសឡើងវិញ នូវសំភារៈពេទ្យ។ ហើយរាល់ពេលប្រពន្ធរបស់គាត់ ដើរចូលមកក្នុងបន្ទប់ គាត់តែងតែញញឹម។
សំរាប់រឿងធំៗ អ្នកត្រូវតែជឿជាក់លើខ្ញុំ គាត់បានសរសេរនៅលើសៀវភៅណូតនោះ។ គាត់បានងើយមុខឡើង។

ដង្ហើមចុងក្រោយរបស់ Steve

គ្មានអ្នកណាម្នាក់ក្នុងចំណោមយើង ដឹងច្បាស់ថា តើយើងនឹងនៅទីនេះ បានយូរប៉ុណ្ណានោះទេ។ ឆ្នាំចុងក្រោយនៃជីវិត Steve គាត់បាន ចូលរួមក្នុងគំរោងច្រើន ហើយទាមទារ ការសន្យាមួយពីមិត្តភក្តិរបស់គាត់ នៅឯ Apple ថា ពួកគេ នឹងបញ្ចប់គំរោងទាំងនោះ។ អ្នកសាងសង់ទូក នៅឯ ហូឡង់ បានសង់គ្រោងដែកទូករួចរាល់ហើយ ហើយរង់ចាំតែ ក្តារឈើដើម្បីបញ្ចប់ការសាងសង់វា។ កូនស្រី ទាំងបី របស់គាត់ មិនទាន់បានរៀបការនៅឡើយទេ ហើយកូនស្រីពៅទាំង 2 របស់គាត់ នៅវ័យក្មេងនៅឡើយ… ហើយគាត់ តែងតែចង់ បណ្តើរពួកគេ នៅពេលរៀបការ ដូចដែល គាត់ធ្លាប់បណ្តើរខ្ញុំ នៅពេលខ្ញុំ រៀបការ។
យើងទាំងអស់គ្នា ចុងបញ្ចប់ នឹងត្រូវស្លាប់ នៅពាក់កណ្តាលរឿង។
ខ្ញុំ អាចនិយាយថា វាមិនត្រឹមត្រូវនោះទេ ក្នុងការនិយាយថា ការស្លាប់របស់មនុស្សម្នាក់ ដែលរស់នៅជាមួយជំងឺមហារីក ថាជារឿង មិនបានរំពឹងទុក ប៉ុន្តែការស្លាប់របស់ Steve ពិតជា អ្វីដែលយើង មិនដែលធ្លាប់រំពឹង។
អ្វីដែលខ្ញុំ បានរៀនពីការស្លាប់របស់បងប្រុសខ្ញុំ គឺលក្ខណៈសម្បត្តិ គឺជារឿងមួយសំខាន់: គាត់ធ្លាប់យ៉ាងម៉េច គាត់គឺស្លាប់អញ្ចឹង។
ព្រលឹមថ្ងៃ អង្គារ៍ គាត់បានតេរមកខ្ញុំ ហើយអោយខ្ញុំ ប្រញាប់មក Palo Alto។ ទឹកដមសំលេងរបស់គាត់ គឺពោរពេញដោយក្តីស្រឡាញ់ តែដូចនឹង មនុស្សដែលវ៉ាលីស របស់គាត់ ត្រូវបានគេដាក់នៅ​ គូទក្រោយរបស់រថយន្តរួចហើយ… គាត់ដូចមនុស្សដែល នឹងចាប់ផ្តើម ការធ្វើដំណើរមួយថ្មី បើទោះជា គាត់ មានអារម្មណ៍សោកស្តាយ… សោកស្តាយនឹងពួកយើង… សោកស្តាយដែលគាត់ ត្រូវចាកចេញទៅ។
គាត់ចាប់ផ្តើមនិយាយលា តែខ្ញុំ បានបង្អាក់គាត់ ហើយនិយាយថា ខ្ញុំទៅដល់ឥឡូវហើយ… ខ្ញុំនៅលើតាក់ស៊ី ហើយខ្ញុំនឹងទៅដល់ឆាប់ៗនេះ។
នៅពេលដែលខ្ញុំ ទៅដល់ គាត់ និង Laurene កំពុងនិយាយគ្នាលេង ដូចដៃគូ ដែលបានរស់នៅ និងធ្វើការជាមួយគ្នា រៀងរាល់ថ្ងៃ។ គាត់បានសំលឹងមើល កែវភ្នែកកូនៗរបស់គាត់ ហាក់ដូចជា គាត់ មិនអាចដកភ្នែកបានអញ្ចឹងដែរ។
រហូតដល់ម៉ោង 2 ល្ងាច ប្រពន្ធរបស់គាត់ បានដាស់គាត់ អោយនិយាយជាមួយមិត្តភក្តិ មកពី Apple។
ក្រោយមក វាកាន់តែច្បាស់ថា គាត់នឹងមិនអាចក្រោកមកនិយាយជាមួយយើង បានតទៅទៀតទេ។
ដង្ហើមរបស់គាត់ បានផ្លាស់ប្តូរ។ វាកាន់តែធ្ងន់ទៅ ហើយកាន់តែ មានចេតនាទៅ។ ខ្ញុំអាចមានអារម្មណ៍បានថា គាត់កំពុង រាប់ជំហាន ហើយព្យាយាម កាន់តែខ្លាំងឡើងៗ។
នេះ ជាអ្វីដែលខ្ញុំ បានរៀនពីគាត់: គាត់កំពុងធ្វើការនឹងរឿងនេះ។ ការស្លាប់ មិនបានកើតឡើងលើ Steve ទេ គឺគាត់បានសំរេចវា។
គាត់បាននិយាយប្រាប់ខ្ញុំថា គាត់សោកស្តាយ ដែលគាត់ មិនអាចនៅដល់ចាស់ កំដរខ្ញុំ ដូចដែលគាត់បានគិត ហើយគាត់ថា គាត់នឹងចាកទៅកន្លែងមួយ ដែលល្អជាងនេះ។
លោក ដុកទ័រ Fischer បានថា គាត់មានសង្ឃឹម 50/50 ក្នុងការឆ្លងផុតយប់នោះ។
Steve បានឆ្លងផុតយប់នោះ ហើយ Laurene នៅក្បែរគាត់។ ពេលខ្លះ នាងភ្ញាក់នៅពេល ដែលគាត់ មិនដកដង្ហើម រាងវែងបន្តិច។ នាង និងខ្ញុំ សម្លឹងមុខគ្នា ហើយ Steve បានដកដង្ហើមវែងវិញ ហើយទង្វើរនេះ បានចាប់ផ្តើមម្តងទៀត។
Steve ជាមនុស្សដែលមានរាងសង្ហារ ជាអ្នកតែដាច់ម៉ាត់ និងជាមនុស្សដែលពោរពេញទៅដោយ មនោសញ្ចេតនា។
បើទោះជាដូច្នោះក្តី សីលធម៌ធ្វើការ និងកំលាំងរបស់គាត់… វាគឺជា សមត្ថភាពដ៏ផ្អែមរបស់ Steve ក្នុងការស្វែងរក ភាពភ្ញាក់ផ្អើល ដ៏អស្ចារ្យ។ វាជា ជំនឿចិត្តរបស់ សិល្បករម្នាក់ ដែលជឿលើ ភាពល្អឥតខ្ចោះ ហើយនិងភាពស្អាត នៅពេលក្រោយ។
ពាក្យពេជ្រចុងក្រោយរបស់ Steve គឺជាពាក្យជួន ដដែលៗ និយាយបីម៉ាត់ថា “Oh wow.Oh wow. Oh wow”។ មុននឹងចាកទៅ គាត់បាន មើលមុខប្អូនស្រីគាត់ Patty, កូនៗរបស់គាត់ និងចុងក្រោយ ដៃគូរជីវិតរបស់គាត់ នាង Laurene៕
ប្រភព: The New York Times




Loading...

ចូលរួមមតិតាមរយៈ Facebook